(កោះកុង)៖ លោក ចេង មុនីរិទ្ធ ត្រូវបានរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្រេចតែងតាំងជាអភិបាលស្រុកគីរីសាគរ ត្រូវបានប្រកាសឲ្យចូលកាន់តំណែង កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមានលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នអង្គភាពជុំវិញខេត្ត។
លោក ចេង មុនីរិទ្ធ អភិបាលស្រុកថ្មី បានធ្វើការប្តេជ្ញាចិត្តថា ដើម្បីអនុវត្តន៍ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានប្រគល់ភារកិច្ចជូននាពេលនេះ លោកនឹងខិតខំបំពេញកាតព្វកិច្ច និងអនុវត្តន៍ទៅតាមតួនាទីរបស់ខ្លួន ដើម្បីបំរើប្រទេសជាតិ បម្រើប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាព បង្កើនភាពស្និតស្នាលជាមួយមន្ត្រីរាជការរបស់ខ្លួនឲ្យបានល្អ និងបង្លើនភាពស្និតស្នាលជាមួយប្រជាពលរដ្ឋគ្រប់ឋានៈគ្រប់មូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយបក្សណាមួយឡើយ និងដោយមិនប្រកាន់ពូជូសាសន៍ពណ៌សប្បុរឡើយ និងរិតចំណងមេត្រីភាពសាមគ្គីភាពទាំងមន្ត្រីរាជការទាំងប្រជាពលរដ្ឋ ហើយនិងការអប់រំដល់ប្រជាពលរដ្ឋ ឲ្យចេះថែរក្សាអនាម័យបរិស្ថានថែរក្សាសុខភាព ហើយអប់រំពួកគាត់កុំជឿតាមសម្តី នៃការញុះញង់ របស់ជនអគិតិមួយចំនួនតូច នាំឲ្យមានបញ្ហាដែលប្រឈមនឹងច្បាប់នោះ។
ក្នុងឱកាសនេះលោកស្រី មិថុនា ភូថង បានថ្លែងថា អភិបាលស្រុក និងអភិបាលរងស្រុក ដែលទើបប្រកាសចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកទៅលើការងារឲ្យមានតម្លាភាពមានប្រសិទ្ធភាព ក្នុងដឹកនាំដើម្បីភាពរីកចំរើននៅលើមូលដ្ឋានរបស់ខ្លួន ក្នុងការលើកស្ទួយផ្នែកវិស័យទេចរណ៍ ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋពីព្រោះឥឡូវប្រទេសមានសន្តិភាព និងកំពុងមានការអភិវឌ្ឍន៍គ្រប់ផ្នែកគ្រប់វិស័យ ហើយក៏ធ្វើឲ្យប្រជាពលរដ្ឋកាត់បន្ថយពីភាពក្រីក្រមកជាជីវភាមធ្យមរាល់ថ្ងៃនេះគឺស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានខិតខំទាំងកម្លាំងចិត្ត ដើម្បីអភិវឌ្ឍន៍គ្រប់វិស័យ និងបង្កើនធន់ធានមនុស្សធ្វើឲ្យបណ្តាប្រទេសលើពិភពលលោកទទួលស្គាល់លើឆាកអន្តរជាតិរាល់ថ្ងៃ។
លោកស្រីបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាអនាម័យបរិស្ថាន និងថែរក្សាសុខភាព ទៅតាមការផ្សាយអប់រំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលរាល់ថ្ងៃនេះ ហើយករណីការពារ គ្រោះថ្នាក់ចរាចរណ៍ សូមបងប្អូនអនុវត្តន៍ទៅតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងសារាចរណែនាំដែលបានធ្វើការផ្សព្វផ្សាយរាល់ថ្ងៃនេះផងដែរ។
សូមបញ្ជាក់ថា លោក ចេង មុនីរិទ្ធ ត្រូវបានតែងតាំងជំនួសលោក ឃឹម ច័ន្ទឌី ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកោះកុង៕