(ព្រៃវែង)៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ យុវជនពីរនាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ដាក់ពន្ធនាគារ ពីបទហិង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិតាពេជ្រខាងត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។

ការសម្រេចឃុំខ្លួននេះ ក្រោយពេលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំបញ្ជារដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយម្លាំងជំនាញ និងកងរាជអាវុធហត្ថស្រុកបាភ្នំ បានចុះស្រាវជ្រាវចាប់បានជាបន្តបន្ទាប់ ជនសង្ស័យពីរនាក់ កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បន្ទាប់មកបានបញ្ជូនជនសង្ស័យទាំងពីរទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែង។

ជនត្រូវចោទទាំង២នាក់រួមមាន៖

* ទី១៖ ឈ្មោះ ចេង សុភ័ណ្ឌនរៈ អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ ទីលំនៅភូមិត្រើយ(ង) ឃុំរក្សជ័យ ស្រុកបាភ្នំ
* ទី២៖ ឈ្មោះ ពៅ វិសាល ហៅ តុប អាយុ៣០ឆ្នាំ មុខរបរលក់ដូរ (លក់សាច់ឆ្កែ) ទីលំនៅភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនា បង្កឡើងដោយយុវជនក្មេងទំនើងពីរក្រុមនៅភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយ មួយក្រុមមានសមាជិកប្រហែល ១០នាក់ ប្រើប្រាស់ម៉ូតូ ៥-៦គ្រឿង ដោយបានប្រើខ្សែក្រវ៉ាត់ ដំបង ដបសាំង និងដាវសាមូរ៉ៃ ធ្វើជាអាវុធបានបើកធ្វើការវាយប្រហារ ទៅលើយុវជនមួយក្រុមទៀត មានសមាជិក ៨នាក់ ប្រើប្រាស់ម៉ូតូ ៤គ្រឿង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល២នាក់ និងស្លាប់យុវជនម្នាក់ មុនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯភ្នំពេញ។

ជនរងគ្រោះឈ្មោះ យាន សំណាង ភេទប្រុស អាយុ ២០ឆ្នាំ (ស្លាប់) ទីលំនៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំខេត្តព្រៃវែង និងពីរនាក់ទៀតឈ្មោះរី រាយ ភេទប្រុស អាយុ២២ឆ្នាំ (របួសស្រាល) ឈ្មោះ អ៊ុយ សីហា ហៅ អេ ភេទប្រុស អាយុ២០ឆ្នាំ របួសធ្ងន់ ទីលំនៅជាមួយភូមិឃុំជាមួយគ្នា៕