(ភ្នំពេញ)៖ ឃាតកសម្លាប់កាត់ក្បាលម្ដាយបង្កើតរបស់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពបានប៉ុន្មានម៉ោង។
លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនដៃដល់ត្រូវកម្លាំងជំនាញចាប់ខ្លួនបានហើយ ពេលកំពុងរត់គេចខ្លួន ហើយជនដៃដល់បម្រុងធ្វើសកម្មភាពចង.កសម្លាប់ខ្លួនឯងតាមក្រោយ។
ប្រតិបត្តិការនេះធ្វើឡើងដោយសហការរវាងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនគរបាលខណ្ឌពោធិ៍សែន និងកម្លាំងនគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ អ៊ាម សំណាង អាយុ៣២ឆ្នាំ ជាមនុស្សសរសៃប្រសាទ។
គួរជម្រាបថា នៅវេលាម៉ោងប្រមាណ៧ព្រឹកមិញនេះ មានករណីឃាតកម្មមួយកើតឡើង ដោយកូនសម្លាប់ម្ដាយបង្កើតខ្លួនឯងដោយកាត់ក្បាលចេញពីខ្លួន ស្ថិតក្នុងបន្ទប់ជួល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕