(បន្ទាយមានជ័យ)៖ អាជ្ញាធរថៃ បានផ្អាកការអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចេញចូលដឹកជញ្ជូនទំនិញ ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងអំឡុងថ្ងៃឈប់សាធារណៈរបស់ប្រទេសថៃ។
នេះបើតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលក្រុងប៉ោយប៉ែត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។
សូមជម្រាបថា កម្ពុជា-ថៃ បានឯកភាពគ្នាដើម្បីអនុញ្ញាតឲ្យអាជីវករខ្មែរ អាចចេញចូលដឹកជញ្ជូនទំនិញ នៅក្នុងផ្សាររោងក្លឿ ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០មក ក្រោយផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩។ ការចេញចូលដឹកជញ្ជូនទំនិញនេះ ត្រូវឆ្លងកាត់ប៉ុស្ដិ៍ត្រួតពិនិត្យសុខភាពយ៉ាងម៉ឹងម៉ាត់ផងដែរ ដើម្បីការពារការចម្លងជំងឺមួយនេះ៕