(កំពង់ចាម)៖ ដើម្បីរួមចំណែកសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ លោកស្រី ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា តំណាងលោកលោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម បានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំថវិកាប្រគល់ជូនគ្រួសារសព នៃគ្រួសារ លោកស្រី ឌឹម សុខនាថ នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ដែលប្ដីបានសម្លាប់ខ្លួនឯង និងកូនស្រី ចំនួន៣នាក់ កាលពីថ្ងៃទី២៦ ខែសីហា ក្នុងផ្ទះជួលមួយកន្លែង នៅរាជធានីភ្នំពេញ។
ស្ថិតក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី ប្រធានប្រតិបត្តិសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកស្រី ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានសម្ដែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំ ជាមួយនិងក្រុមគ្រួសារសព ចំពោះការបាត់បង់សមាជិកគ្រួសារ ប្ដី និងកូនៗ ជាទីស្រឡាញ់របស់ខ្លួន យ៉ាងអាឡោះអាល័យបំផុត។
លោកស្រីបានបញ្ជាក់ថា បន្ទាប់ពីទទួលដំណឹង គួរឲ្យរន្ធត់ និងសោកសង្រេងនេះ លោកស្រី និងថ្នាក់ដឹកនាំ ព្រមទាំង សហការី នៃសាខាសមាគមន៍នារី បានចុះមកសួរសុខទុក្ខ និងប្រមែប្រមូលនូវថវិកាបន្តិចបន្តួច ដើម្បីជួយសម្រួលដល់គ្រួសារសព សម្រាប់ចាត់ចែងក្នុងបុណ្យសព ទៅតាមប្រពៃណីផងដែរ។
នាឱកាសនោះ លោកស្រី ស្រី គឹមឆយ និងលោកស្រី ប៉ាង ដានី បានលើកទឹកចិត្តដល់ អ្នកស្រី ឌឹម សុខនាថ ជាប្រពន្ធ និងម្ដាយរបស់សពត្រូវកាត់ និងតាំងចិត្តតស៊ូជម្នះក្នុងឆាកជីវិតកំសត់នេះ ត្បិតអីអ្នកដែលស្លាប់ទៅ គឺបានសុខហើយ នៅឡើយតែយើង ដែលមានជីវិតទេ ចាំបាច់ត្រូវតែម្ចាស់ការ លើនាអនាគតខ្លួនឯង ជាបន្តទៀត។
សូមបញ្ជាក់ថា ថវិកានាំទៅប្រគល់ជូនគ្រួសារសពខាងលើនោះ បានមកពីសាខាសមាគមន៍នារី ថវិកាចំនួន៣០ម៉ឺនរៀល, លោកស្រី ស្រី គឹមឆយ និងលោកស្រី ខុង ស៊ុនអេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ចំនួន៤០ម៉ឺនរៀល ព្រមជាមួយថវិការបស់សប្បុរសជនផ្សេងៗទៀត៕