(ភ្នំពេញ)៖ បុរសម្នាក់ដែលយក Logo នគរបាលជាតិ ទៅប្រើប្រាស់ផ្ដេសផ្ដាសនៅលើបណ្ដាញសង្គម Facebook ត្រូវបាននគរបាលរាជធានីភ្នំពេញ ហៅទៅសួរនាំ និងធ្វើកិច្ចសន្យាអប់រំ។ នេះបើតាមការឲ្យដឹងពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់ថា បុរសដែលសមត្ថកិច្ចហៅមកសួរនាំនេះ មានឈ្មោះ ស៉ឹម ឆាយ៉ាវីរៈ ប្រើប្រាស់គណនី Facebook ឈ្មោះ RoNg Reach បានយក Logo របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភ្ជាប់ជាមួយរូបថតរបស់ខ្លួនយកទៅប្រើដោយខុសច្បាប់។
តាមរយៈ Facebook ក្រុមការងារព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងយ៉ាងដូច្នេះថា «ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ បានកោះហៅបុរសម្នាក់ឈ្មោះ ស៉ឹម ឆាយ៉ាវីរៈ ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ RoNg Reach ដែលបានយកឡូហ្កូរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងឡូហ្កូរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅផុសលេងភ្ជាប់ជាមួយរូបថតបស់ខ្លួនដោយខុសច្បាប់ និងមិនមានការអនុញ្ញាត»។
ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា បុរសម្នាក់នេះបានចូលខ្លួនមកសារភាពកំហុស និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ តទៅទៀត៕