(ភ្នំពេញ)៖ មជ្ឈមណ្ឌលសំចតសង្គមកិច្ចព្រៃស្ពឺ ក្រៅពីផ្តល់អគារស្នាក់នៅ ផ្តល់សេវា ថែទាំងសុខភាព ដល់ជនវិបល្លាស់ស្មារតី ជនអនាថា ជនរងគ្រោះ និងជនងាយរងគ្រោះហើយនោះ មជ្ឈមណ្ឌលនេះក៏ជាកន្លែងផ្តល់ជំនាញវិជ្ជាជីវៈដល់ពួកគាត់ផងដែរ ដើម្បីឲ្យពួកគាត់ ពេលសមាហរណកម្មត្រលប់ទៅសហគមន៍វិញមានមុខជំនាញ ច្បាស់លាស់ ដែលអាចរកប្រាក់ចំណូលបាន ដោយខ្លួនឯង លើកកម្ពស់ជីវភាពនៅក្នុងសង្គមហ្នឹងគេ។
នេះបើតាមការបញ្ជាក់របស់លោកស្រីប្រធានមន្ទីរសង្គមកិច្ច និតិសម្បទា និងអតីតយុទ្ធជនរាជធានីភ្នំពេញ ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដឹកនាំក្រុមការងារ ចុះរៀបចំកម្មវិធីទទួលទាននំបញ្ចុកសន្តិភាពជូនដល់ក្រុមជនរងគ្រោះ និងជនងាយរងគ្រោះ ជិត៤០០នាក់ ដែលកំពុងសំចតនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ជាការទទួលនូវអាណិតស្រឡាញ់ និងយកចិត្តទុកដាក់ថែទាំជូនជនរងគ្រោះ និងជនងាយរងគ្រោះទាំងនេះ។
លោកអភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសនោះ បានសម្តែងការអាណិតស្រលាញ់ ដោយអះអាងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងផ្គត់ផ្គង់ជីវភាព ការថែទាំសុខភាពដើម្បី ឲ្យពួកគេបានរស់នៅក្នុងស្ថានភាពកាន់តែប្រសើរ។
ក្រៅពីនេះលោក ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដាំដើមធ្នង់នៅក្នុងបរិវេណមជ្ឈមណ្ឌលសំចតព្រៃស្ពឺនេះ ហើយលោកជួយផ្ដល់កូនធ្នង់សម្រាប់ដាំដើម្បីផ្ដល់ជាម្លប់ និងបរិស្ថានល្អប្រសើរ និងបានជំរុញឲ្យមន្ត្រីដែលបម្រើការងារនៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវមើលថែបងប្អូនជនរងគ្រោះទាំងនេះឲ្យបានល្អប្រសើរ ពោលគឺធ្វើយ៉ាងណាឲ្យពួកគាត់រស់នៅស្អាត មានអនាម័យល្អ។
បន្ថែមពីលើនេះទៀត លោកអភិបាលរាជធានីភ្នំពេញ ក៏បានចែកជូនក្រម៉ាជូនបងប្អូនជនរងគ្រោះ និងផ្តល់ថវិកាចំនួន ៣លានរៀលទៅមន្ត្រីដែលបម្រើនៅទីនេះ ជាមួយនឹងការផ្ដល់ថ្នាំពេទ្យ ជាច្រើនផងដែរ ដល់មជ្ឈមណ្ឌសម្រាប់ ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅពេលដែលពួកគាត់ជួបនឹងបញ្ហាសុខភាព។
ថ្លែងលើកទឹកចិត្តដល់ជនងាយរងគ្រោះថា លោកស្រីប្រធាន បានប្រាប់ដល់បងប្អូន ពូ មីង ក្មួយៗ សូមកុំអស់សង្ឃឹម និងកុំបណ្តែតបណ្តោយឲ្យខ្លួនធ្លាក់ចូលផ្លូវណាដែលសង្គមយើងស្អប់ខ្ពើម គឺនៅមានរាជរដ្ឋាភិបាល មានក្រសួង មន្ទីរ ស្ថាប័ន ពាក់ព័ន្ឋជាច្រើននៅជិតកៀក ពិសេសមានលោន ឃួង ស្រេង និងលោកស្រី នៅចាំជួយបងប្អូន ពូ មីង និងក្មួយៗជានិច្ច ។ ដូច្នេះពូ មីង ក្មួយៗ ត្រូវថែរក្សាសុខភាពអោយរឹងមាំឡើង បើសុខភាពយើងរឹងមាំនោះ យើងមានឱកាសបានសុខសប្បាយជាមួយសង្គមយើងដែលកំពុងរីកលូតលាស់ជាលំដាប់នេះ។
លោកស្រីប្រធានមន្ទីរបន្តថា បច្ចុប្បន្ននេះ ជនរងគ្រោះ ជនងាយរងគ្រោះទាំងនេះ បាននិងកំពុងស្នាក់នៅក្នុងមណ្ឌលមានចំនួន ៣៩៦នាក់ ក្នុងនោះស្រីចំនួន ១៤៩នាក់ ដោយគិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីមើលថែទាំ ផ្តល់ការហូប ស្នាក់នៅ អប់រំ ស្តារនីតិសម្បទា សិក្សាស្វែងរកគ្រួសារ ដែលពួកគេធ្វើចំណាកស្រុកប្រថុយប្រថាន ធ្វើសកម្មភាពមុខរបរប្រកបដោយ ហានិភ័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ។
លោក ស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនីតិសម្បទារាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ន មន្ទីរសង្គមកិច្ច តែងតែយកចិត្តទុកដាក់ គិតគូរដល់ជនងាយរងគ្រោះ ជនមានស្មារតីវិបល្លាស ស្ត្រីរងគ្រោះជាប្រចាំ។ ព្រោះថា ស្ថាប័នមួយនេះត្រូវតែគិតគូរយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោយអនុវត្តទៅ តាមគោលការណ៍របស់រាជរដ្ឋាភិបាលនៅពេលដែលពួកគាត់ មានទុក្ខកង្វល់ មានជំងឺ ឫខ្វះស្បៀង និងជួបបញ្ហាដោយប្រការណាមួយ មន្ទីរ ក៏ដូចអាជ្ញាធរមូលដ្ឋាន តែងតែចុះជួយពួកគាត់ជារៀងរហូតដែលទាំងអស់នេះ បញ្ជាក់ពីការ យកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ។
លោកស្រី មុំ ចាន់ដានី បានឲ្យដឹងថា មជ្ឈមណ្ឌលសំចតសង្គមកិច្ចព្រៃស្ពឺនេះក្រៅពីមានអគារស្នាក់នៅកន្លែងផ្តល់សេវា ថែទាំងសុខភាពដល់ជនវិប្លាស់ស្មារតី ជនអនាថា ជនប្រកបផ្លូវភេទប្រថុយ ប្រថាន អ្នកសុំទាននោះ ជនរងគ្រោះនិងជនងាយរងគ្រោះនេះ ក៏មានការផ្តល់ជំនាញវិជ្ជាជីវៈដល់ពួកគេផងដែរ ដើម្បីឲ្យពួកគេពេលសមាហរណកម្មត្រឡប់ទៅសហគមន៍វិញ មានមុខជំនាញច្បាស់លាស់ ដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯង ដើម្បីលើកកម្ពស់ជីវភាពនៅក្នុងសង្គម។
លោកស្រីប្រធានបន្តថា ក្រុមជនរងគ្រោះ ជនងាយរងគ្រោះ ដែលរស់នៅក្នុងមជ្ឈមណ្ឌលនេះភាគ ច្រើន គឺគ្មានសាច់ញាតិថែទាំឲ្យបានឌិតដល់ឡើយ ដោយពួកគេរស់នៅដោយអនាថាតាម សំយាបផ្ទះ សួនច្បារ ឬដើរត្រាចចរនៅតាមទីសាធារណៈជាដើម។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីទទួលទាននំបញ្ចុកសន្តិភាពជូនដល់ក្រុមជនរងគ្រោះនិងងាយរងគ្រោះជិត៤០០នាក់ នៅមណ្ឌលសំចតសង្គមកិច្ចព្រៃស្ពឺ លោកអភិបាល និងលោកស្រី បានចែកជូនក្រម៉ា និងថ្នាំពេទ្យ ដើម្បីទុកបង្ការ និងព្យាបាលជំងឺផងដែរ៕