(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះធម្មជាតិមួយ (ខ្យល់កន្ត្រាក់ និងរន្ទះបាញ់) បណ្តាលឱ្យឆក់យកជីវិតស្រ្តីម្នាក់នៅនឹងកន្លែង ខណៈដែលជនរងគ្រោះកំពុងគ្វៀលក្របីនៅឯស្រែ។
មន្ត្រីនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ អ៊ុ អៀង ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ជាស្រ្តីមេម៉ាយ មានកូនប្រុសស្រីចំនួន៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នរស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មុនពេលកើតហេតុ គេឃើញមេឃព័ណ៌ខ្មៅ លាយឡំនឹងខ្យល់ ភ្លាមនោះភ្លៀងក៏បានបន្តតាមក្រោយ ខណៈស្ត្រីរងគ្រោះកំពុងតែគ្វៀលក្របីនៅចំណុចវាលស្រែ ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។ ដោយអំណាចខ្យល់លាយភ្លៀងនាល្ងាចម្សិលមិញ មានសន្ទុះខ្លាំងក្លា ក៏បណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋនៅភូមិចុងខ្លុង ឃុំអូរសណ្តាន់ ចំនួន១ខ្នង ព្រមទាំងផ្ទះប្រជាពលរដ្ឋ ១ខ្នងទៀត នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ច បានប្រគល់ជូនសាកសពស្ត្រីរងគ្រោះ ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី និងបានរាយការណ៍ហេតុការណ៍ខាងលើជូនថ្នាក់លើ ដើម្បីស្វែងរកអំណោយមកឧបត្ថម្ភបន្ត៕