(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មានគន្លឹះសំខាន់ចំនួន៨ចំណុច ដែលធ្វើឱ្យភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជា និងត្រឡប់ទៅវិញពោរពេញដោយស្នាមញញឹម។ លោក សុខ ទូច បន្ថែមថា ការធ្វើឱ្យអ្នកទេសចររក្សាបានស្នាមញញឹមទាំងមក និងទៅវិញនេះ ក៏អាចឱ្យគេជួយធ្វើជាទីភ្នាក់ងារទេសចរណ៍ឱ្យកម្ពុជាថែមទៀតផង។
គន្លឹះទាំង៨ចំណុច ដែលលោក សុខ ទូច រំលេចតាមទំព័រ Facebook នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ រួមមាន៖
* ទី១៖ ចំណីអាហារត្រូវប្រកបដោយគុណភាព ជាតិគីមីមានក្នុងកម្រិតទាបបំផុត
* ទី២៖ ត្រូវមានផលិតផលក្នុងស្រុកមានលក្ខណៈពិសេស ដើម្បីឱ្យគេយួរចេញទៅវិញ
* ទី៣៖ ភ្នាក់ងារទេសចរណ៍ត្រូវតែយល់ច្បាស់ពីវប្បធម៌ ប្រពៃណីរបស់ខ្លួន និងចេះភាសារបស់ជនជាតិ ដែលខ្លួនដឹកនាំនោះ ហើយក៏ត្រូវមានសីលធម៌ នៃវិជ្ជាជីវៈផងដែរ
* ទី៤៖ ត្រូវមានផែនទីបង្ហាញផ្លូវគ្រប់តំបន់ឱ្យបានច្រើនភាសា
* ទី៥៖ បណ្តុះបណ្ដាលជំនាញដល់បុគ្គលិក កម្មករ ទៅតាមឯកទេសរៀងៗខ្លួន ដើម្បីឱ្យមានអនាម័យកម្រិតខ្ពស់
* ទី៦៖ នៅតាមច្រកទ្វារអន្តរជាតិ ត្រូវសម្រួលដល់ភ្ញៀវទេសចរដែលមកដល់
* ទី៧៖ បើភ្ញៀវទេសចរវង្វេងផ្លូវ ប្រជាជនកម្ពុជា យើងត្រូវចង្អុលបង្ហាញផ្លូវ ទោះបីគ្មានពេលក៏ដោយ ត្រូវចំណាយពេលជូនផ្លូវដល់ភ្ញៀវទេសចរ។
* ទី៨៖ ទីក្រុងស្អាត រស់នៅស្អាត។
ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជានេះ លោក សុខ ទូច ក៏បាននឹងកំពុងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅសួនតេជោសែនឫស្សីត្រឹប ក្នុងខេត្តព្រះវិហារផងដែរ។ នៅក្នុងសួននេះ លោក សុខ ទូច គ្រោងអភិរក្សព្រៃឈើធំៗនៅតំបន់នោះ ព្រមទាំងមានការចិញ្ចឹមសត្វផ្សេងៗបន្ថែមទៀត។
បន្ថែមពីលើនេះកាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍ បានចុះកិច្ចចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ដែលប្រកបដោយគុណភាព និងប្រសិទ្ធភាព។
អនុស្សារណៈនេះផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ សំដៅចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា៕