(ភ្នំពេញ)៖ ស្ត្រីម្នាក់មានគណនីហ្វេសប៊ុក «Ju Lee» បានរងការចាញ់បោកពីជនខិលខូច ដោយអះអាងជាបុគ្គលិកធនាគារ «ABA» ខលសុំប្តូរលេខគណនី ហើយបន្លំដកប្រាក់អស់មួយចំនួន។
«Ju Lee» បានរៀបរាប់លើហ្វេសប៊ុករបស់ខ្លួនថា មានជនឆបោកម្នាក់បន្លំខ្លួនធ្វើជាបុគ្គលិកធនាគារ ហើយខលទៅរូបខ្លួនស្នើសុំដូរលេខគណនីដោយអះអាងថា រូបនាងជាអតិថិជនពិសេស ដែលអាចដាក់លេខគណនី ដាក់លេខទូរស័ព្ទទៅតាមខ្លួនពេញចិត្ត។
«Ju Lee» បន្តថា បន្ទាប់ពីបានប្រាប់លេខគណនីតាមការតម្រូវរបស់ជនខិលខូចនេះ គណនីរបស់អ្នកនាងបានខូច។ ដោយការសង្ស័យ អ្នកនាង បានរត់ទៅខាងធនាគារដើម្បីបិទគណនី ហើយពេលចូលទៅក្នុងគណនី ក៏បាត់លុយអស់ប្រមាណ ២,២០០ដុល្លារ។
«Ju Lee» បានរៀបរាប់ទៀតថា ភ្លាមៗនោះ ខាងធានាគារ ក៏បានទាក់ទងទៅផ្នែកវេលុយ ដើម្បីបិទកុំឱ្យជនឆបោកនោះដកលុយបាន ហើយក៏បិទបានខ្លះផងដែរ។ បើតាម «Ju Lee» លុយរបស់នាងត្រូវជនឆបោកនោះដកបានខ្លះ និងនៅខ្លះ។
ជាមួយនឹងបទពិសោធន៍របស់ខ្លួននេះ «Ju Lee» បានអំពាវនាវដល់អ្នកប្រើប្រាស់ធនាគារ ABA ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យមានការចាញ់បោកជនឆបោកដូចជារូបនាង។
ធនាគារ ABA ធ្លាប់បានប្រកាសប្រាប់អតិថិជនរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការចាញ់បោកជនឆបោក។ ដើម្បីចៀសវាងចាញ់បោកជនឆបោកទាំងនេះ ABA បានហាមដាច់ខាតមិនឱ្យប្រាប់ព័ត៌មានលេខសម្ងាត់ ៤ខ្ទង់ ឬឈ្មោះបើកចូលគណនីនៅក្នុងទូរស័ព្ទ (ABA Mobile) និងមិនត្រូវប្រាប់លេខកូដសម្ងាត់ផ្ញើចូលសារទូរស័ព្ទទៅអ្នកដទៃនោះឡើយ៕