(ព្រះសីហនុ)៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៤នាក់ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១៨៖១០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៩ ខែសីហានេះថា ជនសង្ស័យមានឈ្មោះ ទាន់ អាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ មន្រ្តីអាវុធហត្ថក៏បានហៅស្រ្តីម្នាក់ឈ្មោះ កៅ ស្រីពៅ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនស្នាក់នៅ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ មកសួរនាំផងដែរ ដោយសារគាត់ជាម្ចាស់រថយន្តជួលឲ្យជនជាតិចិនរូបនេះ។

ដកហូតវត្ថុតាង រួមមាន៖
១, ម្សៅពណ៌សចំនួន ៨ កញ្ចប់ប្រភេទខេទម្ងន់ ៣២១.៨ក្រាម ទាំងសម្បក
២, ម្សៅសថ្លាចំនួន២កញ្ចប់ទម្ងន់៥០.៥ក្រាមទាំងសម្បក
៣, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១២៣ គ្រាប់ទម្ងន់១២.២ក្រាមទាំងសម្បក
៤, ថ្នាំគ្រាប់ពណ៌លឿងចំនួន ១៥ គ្រាប់ទម្ងន់៦ក្រាមទាំងសម្បក
៥, ទូរសព្ទ២គ្រឿង
៦, ជញ្ជីងថ្លឹង១
៧, កញ្ឆាចំនួន ៣ កញ្ចប់
៨, ថ្នាំបន្ទះចំនួន ៣ បន្ទះស្មើនឹង ៣០ គ្រាប់ទម្ងន់៨.៥ក្រាមទាំសម្បក
៩, ម្សៅកញ្ចប់ពណ៌ទឹកប្រាក់ចំនួន ៥៨កញ្ចប់ទម្ងន់១០០.៩ក្រាមទាំងសម្បក
១០, ម្សៅកញ្ចប់ពណ៌បៃតងចំនួន ៥ កញ្ចប់៧.៩ក្រាមទាំងសម្បក
១១, ម្សៅកញ្ចប់កាហ្វេចំនួន ២ កញ្ចប់
១២, ថ្នាំទឹក២ដប
១៣, ថ្នាំគ្រាប់១ដប
១៤, លិខិតឆ្លងដែនចំនួន១
១៥, ដបជក់២
១៦, កន្ត្រៃចំនួន១
១៧, ដែកកេះ៧
១៨, កំាភ្លើងខ្លីបាញ់គ្រាប់ឃ្លី១
១៩, សម្បកឡត៦
២០, ថង់វេចខ្ចប់មួយចំនួន
២១, រថយន្តចំនួន ១ គ្រឿង ម៉ាក់RANGE ROVER ស្លាកលេខភ្នំពេញ 2A 4518។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕