(កំពង់ចាម)៖ លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី បានដឹកនាំដាំកូនឈើចំនួន១៥០០ដើម នៅតាមទីសាធារណៈ សាលារៀន តាមដងផ្លូវជាតិ និងផ្លូវលំ ទីទួលវត្តចាស់ក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។
ពិធីដាំដើមឈើនេះក៏មានការចូលរួមពីលោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាស ព្រះសង្ឃ យុវជនស្ម័គ្រចិត្ត ប្រជាការពារភូមិបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន។
ជាមួយគ្នានេះដែរលោក សុក ផេង បានណែនាំដល់ក្មួយៗ ជាយុវជនខិតខំប្រឹងប្រែងរៀនសូត្រដើម្បីតបស្នងដល់ឪពុកម្ដាយ និងក្លាយជាទំពាំងស្នងឬស្សីដើម្បីជួយអភិវឌ្ឍន៍ប្រទេសយើង ឲ្យបានរីកចំរើន និងរួមគ្នារក្សាសុខសន្តិភាពព្រមទាំងបានអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបាននាំសន្តិភាពដល់ជាតិយើងទាំងមូល។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនផង សហគមន៍ផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ ជាពិសេសកាត់បន្ថយនូវគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។
ជាមួយគ្នានោះផងដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះតេជគុណគ្រប់ព្រះអង្គសូមចូលរួមថែក្សារបរិស្ថាន អនាម័យឱ្យបានស្អាតល្អ គោរពច្បាប់ចរាចរណ៍មានការយោគយល់គ្នា ក្នុងពេលបើកបរនិងចូលរួមទប់ស្កាត់មេរោគកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល។
ក្នុងកម្មវិធីនេះដែរក្រុមការងារ បានរៀបចំអាហារសាមគ្គីរួមគ្នា និងបានឧបត្ថម្ភថវិកាដល់សកម្មជនយុវជនស្ម័គ្រចិត្ត និងប្រជាការពារភូមិដែលបានចូលរួមក្នុងម្នាក់ៗថវិកាចំនន១០,០០០រៀល សរុបថវិកាចំនួន១,៤៣០,០០០រៀល ដែលជាថវិកាមូលនិធិក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំល្វាលើ៕