(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ អមដំណើរដោយលោកស្រី អស់លោកប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុកសំបូរ លោកអភិបាលខេត្ត អភិបាល អភិបាលរងស្រុក បានចុះទៅជួបសំណេះសំណាលជាមួយមេឃុំទាំង១០ និងប្រធានភូមិទាំង៥២ ក្នុងស្រុក។

ជំនួបការងារនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំបូរ។

លោក សូម សារិត ប្រធានគណបក្ស និងជាអភិបាលស្រុកសំបូរ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពជាក់ស្តែងជារួម និងបញ្ហាប្រឈមដោយឡែករបស់ស្រុកសំបូរទាក់ទងនឹងផ្នែកសេដ្ឋកិច្ច សង្គម និងការគ្រប់គ្រងប្រជាពលរដ្ឋ។

លោកមេឃុំសណ្តាន់ លោកស្រីជំទប់ទី១ ឃុំបឹងចារ និងប្រធានភូមិសណ្តាន់ ប្រធានភូមិកំពង់រទេះ ក៏បានចូលរួមរាយការណ៍បញ្ជាក់បន្ថែម ពីសភាពការណ៍ជាក់ស្តែងក្នុងមូលដ្ឋានភូមិ ឃុំ របស់ខ្លួន។

លោក ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងអំណរគុណកោតសរសើរ ចំពោះស្នាដៃការងាររបស់មន្ត្រីមូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ជោគជ័យ និងសមិទ្ធផលធំធេងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

លោកប្រធានក្រុមការងារខេត្ត ក៏បានជម្រុញលើកទឹកចិត្តមន្ត្រីភូមិ ឃុំ ឱ្យបន្តពង្រីកលទ្ធផលការងារពង្រឹងមូលដ្ឋាន ដើម្បីប្រមូលកំលាំងសាមគ្គី ប្រជាពលរដ្ឋគ្រប់ស្រទាប់ ចូលរួមប្រយុទ្ធឈ្នះកូវីដ១៩ រក្សាសន្តិសុខ សុវត្ថិភាព សុខុមាលភាពសហគមន៍ និងបង្កើនឥទ្ធិពលរបស់បក្ស និងរដ្ឋអំណាចនៅមូលដ្ឋាន សំដៅធានាប្រៀបនយោបាយសំរាប់ការបោះឆ្នោតនៅពេលខាងមុខ៕