(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ អំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញដែលគយចាប់បាន រួសរាន់ចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ ខណៈឱសានវាទជិតផុតកំណត់ផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរំលឹកថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានចេញសេចក្ដីជូនដំណឹងជាលើកចុងក្រោយ ដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្ដោះអាសន្នដោយរដ្ឋបាលគយ ឱ្យចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមាន ក្នុងរយៈពេល ៦០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹង។ រហូតមកដល់ពេលនេះ អគរ បានកត់សម្គាល់ឃើញថា មានម្ចាស់មួយចំនួន នៅស្ទាក់ស្ទើរពុំទាន់បានចូលមក បំពេញកាតព្វកិច្ចនៅឡើយ។
អគ្គនាយកដ្ឋានគយ បានបន្តទៀតថា ដោយហេតុថា រយៈពេល ៦០ ថ្ងៃ នឹងផុតឱសានវាទនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដូច្នេះ អគរសូមអំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញពាក់ព័ន្ធ មេត្តារួសរាន់ចូលខ្លួនមកបំពេញកាតព្វកិច្ច របស់ខ្លួនតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ទៅតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ។
«ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចដូចបានរៀបរាប់ខាងលើ យានយន្ត និង ទំនិញទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ អគរ នឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈ ស្របតាមបញ្ញត្តិមាត្រា ៥៤ និង ៥៥ នៃច្បាប់ស្ដីពីគយ ដើម្បីប្រមូលចំណូលចូលថវិកាជាតិ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ៖