(បន្ទាយមានជ័យ)៖ ជនរងគ្រោះម្នាក់ បានចោទប្រកាន់មន្ត្រីនគរបាលប៉ុស្តិ៍និមិត្ត ក្រុងប៉ោយប៉ែត ថាបានបាញ់ខ្លួន បណ្តាលរបួសធ្ងន់ ប៉ុន្តែទោះជាយ៉ាងនេះក្តី ករណីនេះសមត្ថកិច្ចអះអាងថា ជនរងគ្រោះ ដែលជាក្មេងស្ទាវ មានបំណងព្រួតវាយសមត្ថកិច្ចនៅពេលឃាត់សួរនាំ។
ជរងគ្រោះឈ្មោះ នាង មករា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិនិមិត្តមួយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលកាលពីម៉ោង១០៖៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិនិត្តមួយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ជនងគ្រោះមានគ្នា២នាក់បានជិះម៉ូតូម្នាក់១គ្រឿង ចេញពីលេងហ្គេមផ្ទះម្តាយមីងមកផ្ទះ ហើយពេលកំពុងជិះម៉ូតូស្រាប់តែមន្ត្រីនគរបាលប៉ុស្តិ៍និមិត្តម្នាក់ ឈរនៅជាប់ផ្លូវបានកាក់បងប្អូនជីដូនមួយខ្លួន ដែលជិះម៉ូតូមកជាមួយគ្នានោះ ឈ្មោះ ម៉ាប់ មីត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជាមួយគ្នា។
ជនរងគ្រោះបានបញ្ជាក់ថា៖ ក្រោយពេលឃើញមន្ត្រីនគរឃាត់ប្អូន ខ្លួនក៏ជិះម៉ូតូត្រឡប់វិញដើម្បីសួរនាំមូលហេតុ ហើយត្រូវឈ្មោះ រិទ្ធ ពិសិទ្ធ មានឋានន្តរស័ក្តិជាអនុសេនីយ៍ទោ ជាមន្ត្រីនគរបាលប៉ុស្តិ៍និមិត្ត សួរថា «ហ្អែងចង់មេច?»។ ជនរងគ្រោះបានបន្តថា «ពេលខ្លួនតបវិញថា បើអត់មានអីទេឱ្យប្អូនទៅជាមួយខ្ញុំវិញ ហើយជិះម៉ូតូបត់ចេញមក ក៏ស្រាប់តែលឺស្នូរកាំភ្លើង១គ្រាប់ពីក្រោយខ្នង ហើយពេលជិះមកដល់ផ្ទះស្រាប់ តែចុកទ្រូង ទើបឈប់ម៉ូតូមុខផ្ទះស្ទាប់មើល ទើបដឹងត្រូវគ្រាប់ ហើយដួលសន្លប់ ឪពុកម្តាយក៏ដឹកមកមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីតែម្តង»។
ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ ធ្វើការវះកាត់យកគ្រាប់ចេញទ្រូងផ្នែកខាងក្រោមឃ្លាកខាងស្តាំ គ្រូពេទ្យបានយកក្បាលគ្រាប់រក្សាទុកប្រគល់ជូនមន្ត្រីនគរបាលជំនាញ។ នេះបើតាមការអះអាងរបស់ ជនរងគ្រោះ។
ចំណែកឪពុកជនរងគ្រោះឈ្មោះ នួន វ័រ អាយុ៤៩ឆ្នាំ បានអំពាវនាវឱ្យថ្នាក់ដឹកនាំនគរបាលជាតិ និងមន្ត្រីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ជូនកូនប្រុសគាត់
ពាក់ព័ន្ធនឹងករណីនេះ លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជាការពិតគឺមន្ត្រីនគរបាលប៉ុស្តិ៍និមិត្ត បានចេញល្បាត២ក្រុម ១ក្រុមឃាត់ខ្លួនក្មេងស្ទាវ១ក្រុម ហើយដកហូតបានដាវសាំម៉ូរ៉ៃចំនួន២ដើម។ ដោយឡែកប៉ូលីសគោលដៅទៀត មានប៉ូលិសតែម្នាក់ឯងបានឃាត់ក្មេងស្ទាវ២នាក់ម៉ូតូ២គ្រឿង ដែលជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជិះម៉ូតូដាក់បំពង់ស៊ីម៉ាំងប្រែនសូរខ្លាំង។ នៅ ពេលឃាត់សួរ ឃើញប៉ូលិសម្នាក់ឯង ក្មេងស្ទាវនោះក៏រករឿងចង់វ៉ៃ ប៉ូលិសក៏ដកកាំភ្លើងខ្លីពីចង្កេះលើកគំរាម និងការពារខ្លួនបណ្តាលរាលកៃត្រូវជនរងគ្រោះរបួសធ្ងន់ ហើយកំពុងសម្របសម្រួលគ្នាវាជារឿងអចេតនា។
ករណីនេះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ ក្រោយពេលមន្ត្រីនគរបាលប៉ុស្តិ៍និមិត្តរាលកៃអាវុធបណ្តាលរងរបួសជនរងគ្រោះ ដែលជាមុខសញ្ញាក្មេងទំនើង ប្រើប្រាស់គ្រឿងញៀន ហើយមន្ត្រីនគរបាលប៉ុស្តិ៍និមិត្ត ដែលបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលជំនាញខេត្ត ហៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តផងដែរ។
លោក សួរ ចាន់គារ ប្រធានអង្គការអាត់ហុកប្រចាំខេត្តបន្ទាយមានជ័យ បានចាត់ទុកថា នេះជារឿងអយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ។ លោកសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តមានចំណាត់ការចំពោះជនដៃដល់តាមច្បាប់ ដើម្បីជនរងគ្រោះទទួលបានយុត្តិធម៌៕