(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគកុំព្យូទ័រយួរដៃ (Laptop) សរុបចំនួន១០០គ្រឿង ដល់សាលារៀនចំនួន៥ ក្នុងរាជធានីភ្នំពេញ សម្រាប់លោកគ្រូអ្នកគ្រូសិក្សាស្រាវជ្រាវ ដើម្បីជាជំនួយបន្ថែមសម្រាប់ការរៀបចំមេរៀនបង្រៀន តាមអ៊ីធឺណែត ក្នុងកំឡុងពេលប្រឈមនឹងជំងឺកូវីដ១៩នេះ។
សាលាទាំង៥នោះ រួមមាន វិទ្យាល័យបាក់ទូក វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យទួលអំពិល វិទ្យាល័យច្បារអំពៅ និងសាលាអង្គការ PNC ដោយសាលានីមួយៗទទួលបានកុំព្យួទ័រយួរដៃសរុបចំនួន២០គ្រឿង។
លោក បូរី ស៊ីលីវណ្ណ អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ថា៖ «ក្រុមហ៊ុន ជីប ម៉ុង តែងតែរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គមនានាគ្រប់កាលៈទេសៈ ជាក់ស្ដែងដូចជាការចូលរួមបរិច្ចាគកុំព្យូទ័រនៅថ្ងៃនេះដល់សាលារៀន ដែលត្រូវការសម្ភារៈទាំងនេះមកប្រើប្រាស់ជាចាំបាច់។ កុំព្យួទ័រដែលប្រគល់ជូននេះនឹងត្រូវចាត់ចែងប្រើប្រាស់តាមតម្រូវការចាំបាច់របស់សាលា នីមួយៗ»។
ក្រុមហ៊ុន ជីប ម៉ុង បានចូលរួមចំណែកយ៉ាងច្រើនក្នុងវិស័យអប់រំតាមរយៈគម្រោងជាច្រើនដូចជា គម្រោង ”សាលាស្អាត” ដែលតែងតែរួមចំណែកអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនឱ្យប្រសើរឡើង និងគម្រោងអាហារូបករណ៍ ជីប ម៉ុង ដែលផ្តល់ជូនអាហារូបករណ៍ជារៀងរាល់ឆ្នាំដល់សិស្សដែលទើបប្រលងទី១២ចប់ ព្រមទាំងគម្រោងជាច្រើនទៀត៕