(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅរយៈពេល៨ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករបានជិត៤៥ម៉ឺនតោនកើនឡើង ៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
របាយការណ៍ដដែលបញ្ជាក់ថា ប្រទេសចិននៅតែទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺនៅ៨ខែឆ្នាំនេះ ចិនទិញអង្ករជិត១៦ម៉ឺនតោនពីកម្ពុជា ស្មើនឹង៣៦ភាគរយ នៃបរិមាណនាំចេញទាំងអស់ ខណៈប្រទេសនៅអឺរ៉ុបទិញអង្ករពីកម្ពុជាជិត១៥ម៉ឺនតោនស្មើនឹង៣៣ភារយនៃបរិមាណនាំចេញទាំងអស់ ។
ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានទិញអង្ករកម្ពុជា ប្រមាណជាង៦ម៉ឺនតោន ស្មើនឹងជាង១៣ភាគរយ ហើយចំនួនជិត៨ម៉ឺនតោនទៀត ត្រូវបាននាំចេញទៅប្រទេស២៨ផ្សេងទៀត។
សូមជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបានជាង៦៥ម៉ឺនតោន។ ចំណែកនៅឆ្នាំ២០២០នេះ អ្នកជំនួញអង្ករ និងមន្ត្រីរាជរដ្ឋាភិបាលរំពឹងថានឹងនាំចេញបានប្រមាណ៨០ម៉ឺនតោន ៕