(ភ្នំពេញ)៖ វីដេអូសង្ស័យមានបញ្ហាលើការបើកបរនាំឱ្យអ្នកជិះម៉ូតូ និងអ្នកជិះរថយន្តឈានដល់ផ្ទុះសម្តីដាក់គ្នា កំពុងមានការចាប់អារម្មណ៍ខ្ពស់ពីអ្នកលេងហ្វេសប៊ុក។ ចាប់អារម្មណ៍ដោយសារជម្លោះនេះ អ្នកជិះរថយន្តបានគំរាមបុកអ្នកជិះម៉ូតូ ហើយទាញកាំភ្លើង AK ពីក្នុងរថយន្តមកសំញែងដាក់អ្នកជិះម៉ូតូទៀត។
ហេតុកាណ៍នេះត្រូវគេអះអាងថាកើតនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មិនទាន់មានប្រភពបញ្ជាក់ពីហេតុការណ៍ផ្ទុះជម្លោះពាក្យសម្តីនេះនៅឡើយទេ។ តែគេសង្ស័យផ្តើមចេញពីការបើកបរលើដងវិថី។
អ្នកបានឃើញវីដេអូនេះហើយកើតការហួសចិត្តចំពោះការមិនចេះអធ្យាស្រ័យឱ្យគ្នាពេលធ្វើដំណើរលើដងវិថី។ នេះសំណាងហើយបុរសជិះរថយន្តទាញកាំភ្លើងមកហើយ តែមិនបាញ់បើបាញ់វិញនឹងនាំឱ្យមានការអាណោចអាធម ម្ខាងអាចស្លាប់ និងម្ខាងទៀតអាចជាប់ពន្ធនាគារ។
បើទោះបីយ៉ាងណាគេនៅតែរិះគន់ខ្លាំងលើអ្នកបើករថយន្តដែលមិនដឹងថា ជាសមត្ថកិច្ចឬយ៉ាងណា ដែលគំរាមបុកអ្នកជិះម៉ូតូ ហើយទាញកាំភ្លើង AK មកសំញ៉ែងទៀត។ នេះជាកាយវិការខុសឆ្គងដ៏ធ្ងន់ធ្ងរ។
ទោះហេតុការណ៍បានបញ្ចប់ហើយក្តី តែគេនៅតែចង់ឃើញសមត្ថកិច្ចហៅបុរសភាគីជិះរថយន្តមកអប់រំ ចំពោះកាយវិការរបស់គាត់។ ជាពិសេសការយកអាវុធ មកប្រើគំរាមគូជម្លោះ។
ជាមួយនឹងហេតុការណ៍នេះ មានអ្នកលេងបណ្តាញសង្គមជាច្រើន បានស្នើដល់អ្នកបើកបរ សូមមានការយោគយល់ និងអធ្យាស្រ័យខ្ពស់ពេលធ្វើដំណើរលើដងវិថី ដើម្បីបញ្ចៀសបញ្ហា៕