(កណ្តាល)៖ នៅល្ងាចថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០នេះលោកស្រី ស្រី សុធាឬទ្ធិ អគ្គនាយករងតំណាងអោយលោកឧកញ៉ា ស្រី សុធា អគ្គនាយក ក្រុមហ៊ុន 7NG ដែលបានបន្តកាចូលរួមឧបត្ថម្ភថវិកាចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីចូលរួមអបអរសាទរខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់ សន្តិភាព និងកាកបាទក្រហមកម្ពុជា» នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងទទួលអំណោយមនុស្សធម៌ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ។
ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក គង់ សោភ័ណ្ឌ មានប្រសាសន៍សំណេះសំណាលដោយពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក។
លោកបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បាននិងកំពុងអភិវឌ្ឍស្ថាប័នមនុស្សធម៌របស់ជាតិ ដោយមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងមានកោតសរសើរពីថ្នាក់ជាតិ និងអន្តរជាតិផងដែរ ។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសប្បុរសជន ដែលបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយសាខាសូមសន្យាថា នឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយគ្មានការរើសអើងនូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៕