(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានដាក់ចុះកម្មវិធី «មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា» ដំណាក់កាលទី២ ក្រោមការប្ដេជ្ញាសហការគ្នាអនុវត្តកម្មវិធីនេះឱ្យបានល្អប្រសើរ សំដៅជួយកាត់បន្ថយវិសមភាពចំពោះក្រុមងាយរងគ្រោះ និងក្រុមដែលបាត់បង់ឱកាសការងារ។
ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទីមួយ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ សម្រាប់ឆ្នាំ២០២០-២០២៣ ដែលរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមវត្តមានលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Markus Bürli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិ្តបត្តិការ SDC តំណាងទីភ្នាក់ងារទាំង ៤ របស់អង្គការសហប្រជាជាតិ (ILO, UNESCO, UNICEF, UNIDO) និងតំណាងក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងតំណាងយុវជនផងដែរ។
លោក ហេង សួរ បានសង្កត់ធ្ងន់ថា កម្ពុជានឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់គោលដៅសម្រេចឱ្យបានជាអតិបរិមានូវកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ តាមការរំពឹងទុក ហើយក៏ដើម្បីជួយកាត់បន្ថយវិសមភាព ជាពិសេសចំពោះក្រុមងាយរងគ្រោះ និងក្រុមដែលបាត់បង់ឱកាស តាមរយៈការផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាផ្តល់នូវជំនាញសហគ្រិន និងការបង្កើតអាជីវកម្ម ដើម្បីធានាថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលទៅកាន់ទីផ្សារការងារ និងចូលរួមបង្កើតសហគ្រាស អាជីវកម្មប្រកបដោយចីរភាព។
លោកបានបន្តថា វិបត្តិដែលបង្កដោយការរីករាយដាលជាសកលនៃជំងឺកូវីដ-១៩ បាននិងកំពុងផ្តល់ផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងទាំងផ្នែកសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកផងដែរ។ ពិភពលោក ក៏ដូចជាកម្ពុជាកំពុងតែធ្វើដំណើរសន្សឹមៗឆ្ពោះទៅរកការអនុវត្តសកម្មភាពសេដ្ឋកិច្ច-សង្គមជាលក្ខណៈ «ថ្មីធម្មតា»។
ជាក់ស្តែង សកម្មភាពអប់រំ និងបណ្តុះបណ្តាលនៅកម្ពុជាកំពុងតែចាប់ផ្តើមដំណើរការតាមដំណាក់កាល។ ប្រការនេះ ក្រសួងការងារក៏សង្ឃឹមថាវានឹងជួយសម្រួលដល់ការអនុវត្តសកម្មភាពគម្រោងត្រលប់ទៅរកភាពប្រក្រតីវិញ។
បើតាមលោករដ្ឋលេខាធិការក្រសួងការងារ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារក៏បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការឆ្លើយតបជាយុទ្ធសាស្រ្ត និងគោលនយោបាយទៅនឹងវិបតិ្តជំងឺកូវីដ-១៩ ក៏ដូចជាការបន្តដំណើរការកម្មវិធីរួមគ្នាផងដែរ។
លោកស្រី Pauline Tamesis បានលើកឡើងថា ដោយសារតែជំងឺកូវីដ១៩នេះ បានធ្វើឲ្យប្រជាពលរដ្ឋបានបាត់បង់ការងារធ្វើជាច្រើន ពិសេសស្ត្រីកំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ការងារខ្ពស់។
លោកស្រីថា «វាជាឱកាសសម្រាប់កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ ដែលយើងអាចជំនួសបាននូវបញ្ហាប្រឈមនេះកាន់តែប្រសើរ»។
គួររំលឹកថា កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២នេះ ត្រូវបានរៀបចំបន្តពីជំហានទី១ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន។ ក្នុងកម្មវិធីដំណាក់កាលទី២នេះ មានគោលបំណងគាំទ្រយុវជនវ័យក្មេង ទាំងបុរស និងស្រ្តីនៅកម្ពុជា ក្នុងការទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពបន្ថែមទៀត ដោយធានាថាពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព៕