(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃបងប្អូនខ្មែរចិន រៀបចំពិធីសែនក្បាលទឹកនោះ, សម្តេចបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងពីការដុតធូបទៀន។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានអនាម័យ ក្នុងការរស់នៅ ហើយមើលថែការពារសុខភាពជាប់ជានិច្ច កុំអោយឆ្លងជម្ងឺកូវីដ-១៩ ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? តាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន ថ្ងៃនេះ គឺជាថ្ងៃសែនក្បាលទឹក ។
នៅពេលប្រទេសជាតិ យើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួល អោយបងប្អូនប្រជាពលរដ្ឋមានឱកាស ប្រារព្ឋពិធីបុណ្យទានតូចធំទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីសាសនារៀងៗខ្លួនដោយសេរី ។
ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការធ្វេសប្រហែសដុតធូបទៀន ក្នុងឱកាសពិធីសែនក្បាលទឹកនេះ ។
ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋមានអនាម័យ ក្នុងការរស់នៅ ហើយមើលថែការពារសុខភាពជាប់ជានិច្ច កុំអោយឆ្លងជម្ងឺកូវីដ-១៩ អោយសោះ ដោយស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬ អាល់កុល និងពាក់ម៉ាសក្នុងពេលចាំបាច់។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខចម្រុងចម្រើន និងលាភសំណាងគ្រប់ៗគ្នាកុំបីខាន។ អរគុណសន្តិភាព»៕