(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានសេចក្តីជូនព័ត៌មាន ក្នុងព្រឹត្តិការណ៍មរណភាពរបស់ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកស២១ (ទួលស្លែង)។ នេះបើតាមសេចក្តីជូនព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង ០០៖៥១នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។

ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ សញ្ជាតិខ្មែរ មុខរបរគ្រូបង្រៀន ជាប្រធានមន្ទីរសន្តិសុខ ស-២១។ គាត់ត្រូវបានចាប់ និងឃុំខ្លួន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩ ហើយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៧ ត្រូវបានផ្ទេរមកឃុំខ្លួន ក្នុងមន្ទីរឃុំឃាំង អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ កម្រិតទោសមួយជីវិត។

នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូល បានចេញសាលដីកាសម្រេចផ្តន្ទាទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ដាក់ពន្ធនាគារអស់មួយជីវិត។ គាត់ត្រូវបានបញ្ជូនមកពន្ធនាគារខេត្តកណ្ដាល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីអនុវត្តទោស។

គិតមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល អស់រយៈពេល ០៧ឆ្នាំ ២ខែ និង២៥ថ្ងៃ ។ ក្រោមការអនុវត្តទោសនៅពន្ធនាគារខេត្តកណ្ដាល ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ស្ថិតក្នុងសភាពទន់ខ្សោយ ជាមនុស្សចាស់ជរាក្នុងវ័យ៧៨ឆ្នាំ ដែលសុខភាពរបស់គាត់ស្ថិតក្នុងសភាពចុះទ្រុឌទ្រោមខ្លាំង ដោយទទួលរងបញ្ហាសុខភាពរាំរៃជាច្រើន។

ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្លាប់បានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យក្រៅពន្ធនាគារចំនួន ០៤ លើក រួមមាន៖

* លើកទី១៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជម្នះខេត្តកណ្ដាល ដោយ មានអាការៈហត់ខ្លាំង លោកគ្រូពេទ្យបង្អែកជ័យជម្នះ បញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ហើយបានបញ្ជូនមកអង្គភាពពន្ធនាគារវិញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨។

* លើកទី២៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ បញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជម្នះខេត្តកណ្ដាល និងបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយមានអាការៈចុកត្រង់តម្រងនោម (ស្ទះនោម) ហើយបានបញ្ជូនមកអង្គភាពពន្ធនាគារវិញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។

* លើកទី៣៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ បញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយអាការៈ ហើមជើង ក្រោយបានពិនិត្យរួច បានបញ្ជូនមកអង្គភាពពន្ធនាគារវិញ។

* លើកទី៤៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជម្នះខេត្តកណ្ដាល និង បញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយមានអាការៈហត់ខ្លាំង បន្ទាប់ពីទទួលការព្យាបាល ក៏ទទួលមរណភាពនៅវេលាម៉ោង ០០៖៥១នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២០ តែម្ដង។

ក្រោមការដឹកនាំរបស់អយ្យការ អមសាលាដំបូងខេត្តកណ្ដាល ដោយមានការចូលរួមជាមួយមន្ត្រីពន្ធនាគារ មន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យកោសលវិច័យ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដោយធ្វើការយ៉ាងយកចិត្តទុកដាក់ អង្កេតលើករណីមរណភាពរបស់ទណ្ឌិតរូបនេះ ជាលទ្ធផលទទួលបាន ការស្លាប់នេះបណ្ដាលមកពីជំងឺប្រចាំកាយ (រលាកទងសួត និងជំងឺសួតធ្ងន់ធ្ងរ)។ ក្រោយពីពិនិត្យចប់សព្វគ្រប់មន្ត្រី ជំនាញទាំងអស់បានធ្វើការប្រគល់សាកសព ទៅឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕