(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមប្រទេស ក្នុងតំបន់អាស៊ាន កម្ពុជា ជាប្រទេសចុងក្រោយ ដែលទទួលបានការអនុម័តឲ្យប្រើច្បាប់ ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់។
ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្ដីពី «កម្រិតយល់ដឹង របស់អ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា» និង «គម្រោងយល់ដឹងរបស់អ្នកប្រើប្រាស់ ក្នុងតំបន់អាស៊ាន» នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ។
សិក្ខាសាលានេះ សហការរៀបចំដោយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម និងអង្គការសហប្រតិបត្ដិការអន្ដរជាតិអាឡឺម៉ង (GIZ) ដែលរៀបចំធ្វើឡើងនាសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។
លោក ប៉ាន សូរស័ក្ដិ បានឲ្យដឹងថា ច្បាប់នេះមានគោលបំណងធានា ឲ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការ ប្រកួតប្រជែងដោយសុចរិត មានគោលដៅកំណត់វិធាន និងយន្តការក្នុងកិច្ចការពារសិទ្ធិនិងផលប្រយោជន៍របស់ អ្នកប្រើប្រាស់ កសាងទំនុកចិត្តរវាងអ្នកប្រើប្រាស់ និងពាណិជ្ជករ ដើម្បីចូលរួមចំណែក បង្កើតបរិយាកាស នៃការធ្វើពាណិជ្ជកម្ម ដោយសុចរិត និងជាពិសេស លើកកម្ពស់ស្ដង់ដារ នៃការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ ក្នុងកម្ពុជា។
លើសពីនោះទៀត រដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ថា កិច្ចការពារអ្នកប្រើប្រាស់នេះ ជាកិច្ចការមានលក្ខណៈអន្តរវិស័យ ពោលគឺតម្រូវឲ្យមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធលើវិស័យផ្សេងៗ ដូចជា វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យហិរញ្ញវត្ថុ វិស័យឧស្សាហកម្ម វិស័យធនាគារ វិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ -ល-។
លោកថា ដោយហេតុនេះហើយ ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល លើកិច្ចការពារអ្នកប្រើប្រាស់ បាននិងកំពុងរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការបង្កើតគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលមានតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានការទទួលខុសត្រូវ លើកិច្ចការពារអ្នកប្រើប្រាស់ តាមវិស័យនីមួយៗ ធ្វើការរួមគ្នាក្នុងគោលបំណងការពារផល ប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់។
ជាងនេះទៀត ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជាសេនាធិការ បាននិងកំពុង ពិភាក្សារៀបចំនូវប្រកាស និងឯកសារគតិយុត្តពាក់ព័ន្ធនានា ក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីគាំទ្រសកម្មភាពក្នុងការអនុវត្តច្បាប់នេះ ឲ្យបានរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។
លោក ប៉ាន សូរស័ក្ដិ បានលើកឡើងថា តាមរយៈកិច្ចការកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធ ភាពមុខងារ តួនាទី និងភារកិច្ច របស់ស្ថាប័នរដ្ឋាភិបាល ឲ្យកាន់តែប្រសើរឡើង អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្លាស់ប្តូរឈ្មោះជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលហៅកាត់ថា «ក.ប.ប.» ហើយត្រូវបានប្រគល់អាណត្តិដោយ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងការទទួលអនុវត្តច្បាប់នេះ។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា ជាមួយគ្នា នឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្រោមគម្រោង «ការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន» នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានទទួលនូវការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំការស្ទង់មតិថ្នាក់ជាតិស្ដីពី «កម្រិតយល់ដឹងរបស់ អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា»។
យោងតាមរបាយការណ៍បឋម នៃការស្ទង់មតិនេះ ពិតមែនតែគំរូសរុបចំនួន២០០គំរូ មានលក្ខណៈតិចតួច ក្នុងការតំណាងឲ្យអ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានជ្រើសរើសចម្រុះចេញពី ស្ត្រីនិងបុរស អ្នកប្រើប្រាស់នៅទីក្រុងនិងជនបទ នៅរាជធានី ខេត្ត ចំនួន៤ គឺរាជធានីភ្នំពេញ ខេត្ត សៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដែលគ្របដណ្ដប់លើភូមិភាគសំខាន់ៗ នៃភូមិសាស្ត្ររបស់ប្រទេសកម្ពុជា។
ផលិតផលចុងក្រោយរបស់ការស្ទង់មតិនេះ គឺផលិតចេញនូវរបាយការណ៍ថ្នាក់ជាតិមួយ ស្ដីពី «កម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា» ហើយលោកសូមគាំទ្រ និងលើកទឹកចិត្តដល់អង្គសិក្ខាសាលា ទាំងមូល ពិនិត្យ ពិភាក្សា ផ្តល់ធាតុចូលបន្ថែម និងប្រើប្រាស់របាយការណ៍នេះ៖
* ជាឯកសារមូលដ្ឋាន ក្នុងកិច្ចការពារអ្នកប្រើប្រាស់
* ជាឯកសារជំនួយស្មារតីក្នុងការឆ្លុះបញ្ចាំង និងការលើកកម្ពស់ចំណេះដឹងសាធារណៈ
* ជាឯកសារមូលដ្ឋាន ក្នុងការរៀបចំផែនការ ឆ្លើយតបនឹងកិច្ចការពារអ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា៕