(ស្វាយរៀង)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់ ដំណែងថ្មីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដោយលោក សុខ សុទ្ធាវុធ ត្រូវឡើងកាន់តំណែងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ជំនួសលោក ថាច់ រតនា ដែលត្រូវចូលនិវត្តន៍។

ពិធីនេះក៏មានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកប្រតិភូអមដំណើរ លោក-លោកស្រីអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត សរុបវត្តមាន ៩៦នាក់។

លោក ម៉ែន វិបុល បានថ្លែងថា អាស្រ័យដោយកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេស ដែលជាផ្លែផ្កានៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំ ដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់នូវកាលានុវត្តភាពដ៏ល្អប្រសើរ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀងឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោកបន្តថា ក្រោយពីរបប ប៉ុល ពត បានដួលរលំបានប្រែក្លាយយ៉ាងឆាប់រហ័សធ្វើឲ្យខេត្តស្វាយរៀង ក្លាយជាខេត្តឧស្សាហកម្មមួយដ៏សំខាន់ បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងទឹកដី នៃខេត្តស្វាយរៀង នៅឆ្នាំ២០០៥ ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ធានានាដល់ការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។

ទន្ទឹមនេះបើទោះបីជាបញ្ហាកូវីដ-១៩ នៅតែបន្តនាពេលបច្ចុប្បន្ន វិស័យកសិកម្មក្នុងខេត្តស្វាយរៀង បាននិងកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលសរបញ្ជាក់ ឲ្យឃើញតាមរយៈលទ្ធផលនៃកំណើនទទួលបានពីផលិតកម្មសត្វ វារីវប្បកម្ម ការកើនឡើននូវការប្រើប្រាស់គ្រឿងយន្តកសិកម្ម ជាពិសេសផលិតផលពីដំណាំកសិ -ឧស្សាហកម្ម និងផលស្រូវដែលទទួលបានមានការកើនឡើងជាលំដាប់ ដែលស្ដែងឡើងតាមរយៈបរិមាណតុល្យភាពស្បៀងខ្ពស់លើសពីតម្រូវការ និងសល់សម្រាប់ ការនាំចេញទៅកាន់ប្រទេសជិតខាង ហើយបច្ចុប្បន្នខេត្តក៏បានក្លាយជាមូលដ្ឋានផលិតបន្លែសុវត្ថិភាពដ៏ចម្បងផងដែរ សម្រាប់ផ្គត់ផ្គង់ឲ្យការប្រើប្រាស់ក្នុងស្រុកផងដែរ។

លោក វេង សាខុន បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការដើម្បីលើក កម្ពស់ការទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំរិះរកវិធីសាស្រ្តផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋតាមរយៈការប្រកប របរកសិកម្ម និងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ។

ទន្ទឹមនោះលោកក៏បានក្រើនរំលឹកឲ្យថ្នាក់ដឹកនាំមន្ទីរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់បង្កើន សមត្ថភាពគ្រប់គ្រងចំណេះជំនាញ និងបទពិសោធន៍ផ្សេងៗ ហើយក្នុងបរិបទនៃស្ថានភាពជំងឺកូវីដ១៩ លោករដ្ឋមន្រ្តីក៏បានផ្តល់ជាអនុសាសន៍ផ្តាំផ្ញើ នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖

* ទី១៖ ត្រូវបន្ដប្រពៃណីសហប្រតិបត្ដិការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍កសិកម្មនានាឱ្យបានល្អប្រសើរ។

* ទី២៖ ត្រូវពង្រឹង និងកែលម្អការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពវិជ្ជាជីវៈ និងប្រសិទ្ធភាពក្នុងការបំពេញការងារ។

* ទី៣៖ ផ្ទេរបច្ចេកទេសទំនើបសមស្របដល់ដៃកសិករ លើកទឹកចិត្តលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា លើកកម្ពស់គុណភាពកសិផលដើម្បីធ្វើការប្រកួតប្រជែង និងយកចិត្តទុកដាក់ដល់ការអនុវត្តកសិកម្មល្អដោយភាពវៃឆ្លាត។

* ទី៤៖ ត្រូវចាត់វិធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ គ្រប់អនុវិស័យឲ្យបានទាន់ពេលវេលា។ លើកកម្ពស់ស្តង់ដារអនាម័យតាមបណ្តាសត្តឃាតដ្ឋាន ក៏ដូចជាភូតគាម អនាម័យនៃកសិផលផ្សេងៗទៀតទាំងក្នុងស្រុក និងនាំចូលពីខាងក្រៅដើម្បីធានាសុខុមាលភាពសាធារណៈ។

* ទី៥៖ បន្តជំរុញប្រជាពលរដ្ឋដាំនូវដំណាំណា ដែលមានប្រយោជន៍ក្នុងផ្គត់ផ្គងទៅដល់ទៅផ្សារ ដើម្បីទ្រង់ជីវភាពក្នុងកំឡុងពេល នៃផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ៕