(ស្ទឹងត្រែង)៖ រម៉កដឹកសម្រាមចំនួន៥គ្រឿង និងម៉ូតូដឹកសម្រាមចំនួន១គ្រឿង ត្រូវបានកម្លាំងប្រជាការពារ សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់ស្រះឬស្សី ឃាត់បាននឹងនាំយកទៅកាន់សាលា សង្កាត់ស្រះឬស្សី នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីម្ចាស់ហាង ភោជនីយដ្ឋាន កន្លែងលក់ដូរផ្សេងៗ បាននាំយកសម្រាមទាំងនោះ ទៅចាក់ចោលនៅចំនុចគល់ស្ពានផ្លូវលេខ២២ ទៅកាន់ព្រលានយន្តហោះ ខេត្តស្ទឹងត្រែង។

លោក សាយ កុសល់ អភិបាលក្រុងស្ទឹងត្រែង បានថ្លែងថា អ្នកដែលចោលសម្រាម តាមទីសាធារណៈ នឹងត្រូវផាកពិន័យទៅតាមច្បាប់ ដែលបានចែង ក្នុងអនុក្រិតលេខ១១៣ ស្តីអំពីអំពើល្មើសច្បាប់ ក្នុងការចោលសម្រាម និងបានបញ្ជាក់ពីការមានទោសទណ្ឌផងដែរ។

លោកថា ការងារដែលត្រូវអនុវត្ត បន្តគឺលោកបានដាក់កម្លាំង ដើម្បីឃ្លាំមើលបងប្អូនប្រជាពលរដ្ឋណា ដែលបានចោលសម្រាមតាមទីសាធារណៈ នឹងត្រូវចាប់ផាកពិន័យទៅតាមច្បាប់ មិនអាចលើកលែងបានឡើយ។

លោកបន្ដទៀតថា រហូតមកដល់ពេលនេះ មានរយៈ៨ខែ ហើយដែលក្រុមការងារ បានចុះអប់រំណែនាំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ អំពីផលប៉ះពាល់ នៃការចោលសម្រាម និងបានធ្វើផ្លាកសញ្ញាមួយ ស្តីពីការហាមចោលសម្រាម តាមទីសាធារណៈ ឬចោលសម្រាមពាសវាលពាសកាល ដែលនាំឲ្យប៉ះពាល់ ដល់បរិស្ថានចំនួន១០ទីតាំង នៅក្នុងក្រុងស្ទឹងត្រែង។

ក្រោយការឃាត់ នាំយករម៉កដឹកសម្រាមទាំង៥គ្រឿង និងម៉ូតូ១គ្រឿងនោះរួចមក អាជ្ញាធរក្រុង បានជួបជជែកពិភាក្សា រវាងអ្នកចោលសម្រាម និងអ្នកតំណាង ម៉ៅការសម្រាម របស់ក្រុមហ៊ុន «ជាកួង» ក្នុងការប្រមូលសម្រាម ដើម្បីរកហេតុផល និងចំនុចកណ្តាលងាយស្រួល ឲ្យឡានប្រមូលសម្រាមទៅយកតាមផ្ទះ ភោជនីយដ្ឋាន កន្លែងលក់ដូរផ្សេងៗ ទៅតាមតម្លៃសមរម្យ។ ចំណែកម្ចាស់រម៉ក និងម៉ូតូត្រូវតែចូលខ្លួន មកបង់ផាកពិន័យទៅតាមច្បាប់៕