(កំពត)៖ លោកស្រី អោក គង្គា ដែលត្រូវជាកូនរបស់ម្ចាស់ដីឈ្មោះ អ៊ុត ចៅយ៉ែម (ស្លាប់) នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ បានបន្តអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាដីធ្លីរបស់គាត់ ដែលត្រូវម្ដាយធំឪពុកធំក្លែងបន្លំឯកសារយកដីជាកេរ្តិ៍ របស់ឪពុកគាត់ធ្វើជាសម្បត្តិផ្ទាល់ខ្លួន។
តាមការបកស្រាយរបស់លោកមេភូមិ និងចៅសង្កាត់អូរក្រសារ ឈ្មោះកូយ ចេងគង បានឲ្យដឹងថា ដំបូងឡើងដីនោះលោក អ៊ុត ចៅយ៉ែម ជាអនិកជនរស់នៅប្រទេសបារាំង បានទិញដីដែលមានទីតាំងខាងលើពីលោកពូ រស់ កាក់។ ទិញរួចក៏ផ្ញើឲ្យលោកពូជួយមើលថែរក្សាតាំងពីឆ្នាំ១៩៩៤ មិនបានប៉ុន្មានឆ្នាំលោក អ៊ុត ចៅយ៉ែម ក៏បានទទួលមរណភាព ទាំងមិនបានផ្ទេរទ្រព្យសម្បត្តិទៅឲ្យកូនចៅនៅឡើយទេ។
ដោយឡែក ករណីដែលពាក់ព័ន្ធបណ្ដាលឱ្យមានបញ្ហាដីធ្លីនេះលោក អ៊ុត ចៅយ៉ែម (ស្លាប់) ដែលត្រូវជាឪពុករបស់អ្នកស្រី អោក គង្គា គឺគាត់នៅមានម្ដាយម្នាក់រស់នៅប្រទេសបារាំង រហូតមកទល់ពេលនេះ អាយុជាង ៩០ឆ្នាំ ហើយមានបងប្រុសគាត់ម្នាក់រស់នៅស្រុកខ្មែរឈ្មោះ អ៊ុត ទិត្យា មានប្រពន្ធឈ្មោះ តាយ សុខា។ ពួកគាត់ ចង់ធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លីមួយនេះ ដែលមានពួកគាត់ជាអ្នកឈរឈ្មោះជាម្ចាស់កម្មសិទ្ធិនៅលើប្លង់ដីនោះ ទាំងមិនបានឲ្យដំណឹងទៅដល់អ្នកស្រី អោក គង្គា ដែលត្រូវជាកូនបង្កើតរបស់លោក អ៊ុត ចៅយ៉ែម បានដឹងនោះទេ។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក អ៊ុត ទិត្យា និង ភរិយា លោកស្រី តាយ សុខា បានសូកប៉ាន់ជាផ្នូរនឹងដីមួយចំនួនតូច (កាត់ដីឲ្យ) ឲ្យអ្នកចាំដីឈ្មោះ រស់ កាក់ ដើម្បីឲ្យរស់ កាក់ និងភរិយាចូលរួមដឹងឮ និងធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្លង់ដីខាងលើ។ ឯកសារនេះធ្វើឡើងដើម្បីបន្លំភ្នែកប្រព័ន្ធច្បាប់ មន្ត្រីសុរិយោ ចៅសង្កាត់ដើម្បីធ្វើប្លង់ជាប្រព័ន្ធបាន។ ដោយកន្លងមកលោក អ៊ុត ទិត្យា និងភរិយាធ្លាប់យកប្លង់ដីចាស់របស់លោក អ៊ុត ចៅយ៉ែម (ស្លាប់)ឲ្យមន្ត្រីសុរិយោដីធ្វើ៤-៥ដងហើយ តែខាងសុរិយោដីអត់ធ្វើឲ្យទេ។
ក្រោយមកដោយមានការដឹងខ្លួន ភ្ញាក់រំលឹកនូវភាពឆោតល្លង់របស់ខ្លួន (រស់ កាក់ និងប្រពន្ធ) ក៏បានធ្វើលិខិតសារភាពពិតជាបានចូលរួមធ្វើឯកសារក្លែងក្លាយមួយជាមួយ លោក អ៊ុត ទិត្យា និងលោក ស្រីតាយ សុខា ពិតមែន ហើយគាត់សូមសារភាព និងសូមបដិសេធទាំងស្រុង ហើយគាត់សុខ ចិត្តធ្វើជាសាក្សីក្នុងការទាមទារកេរ្តិ៍មរតកមកឲ្យកូនលោក អ៊ុត ចៅយ៉ែម គឺលោកស្រីអោក គង្គាវិញ (មានលិខិតសារភាពជាក់ស្តែង)។
ហេតុផលទាំងនេះហើយដែលធ្វើលោកស្រី អោក គង្គា ដែលត្រូវជាកូនរបស់លោក អ៊ុត ចៅយ៉ែម ម្ចាស់ដី កើតទុក្ខមិនសុខចិត្ត ហើយធ្វើការតវ៉ាស្នើសុំឲ្យអាជ្ញាធរភូមិឃុំ ក៏ដូចជាចៅសង្កាត់ ជួយរកយុត្តិធម៌សម្រាប់រូបគាត់ផង។
បើតាមអ្នកស្រី, លោក អ៊ុត ទិត្យា និងប្រពន្ធឈ្មោះ តាយ សុខា បានរៀបចំឲ្យមន្ត្រីសូរិយោដី និងអាជ្ញាធរ ជួយរៀបចំសំណុំបែបបទដើម្បីធ្វើប្លង់ ខណៈលោកចៅសង្កាត់បញ្ជាក់ថា ម្ចាស់ដីគាត់នៅមានទាយាទ ដែលត្រូវជាកូនរបស់លោក អ៊ុត ចៅយ៉ែម គឺឈ្មោះ អោក គង្គា ហើយក៏ត្រូវជាក្មួយ របស់គាត់បង្កើត កំពុងតែធ្វើការតវ៉ាដើម្បីយកអ្វីដែលជាកេរ្តិ៍មរតករបស់ឪពុកគាត់ ត្រឡប់មកវិញ ដើម្បីចៀសវាងការប្រឈមមុខចំពោះច្បាប់។
ចំពោះករណីដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លីខាងលើនេះ លោក អ៊ុត ទិត្យា និងលោកស្រី តាយ សុខា ដែលត្រូវជាឪពុកធំម្ដាយធំរបស់ឈ្មោះ អោក គង្គា រហូតដល់ពេលនេះ នៅមិនទាន់បានទទួលការបកស្រាយបំភ្លឺនៅឡើយទេ៕