(ភ្នំពេញ)៖ ជនដៃដល់ដែលបានធ្វើសកម្មភាព សម្លាប់ រួចរំលោភក្មេងស្រី អាយុ១៤ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបបាននេះ បានសារភាពថា ខ្លួនបានយកកាំបិតចាក់បំពុងកជនរងគ្រោះ រួចឆក់បន្ថែមបណ្ដាលឲ្យស្លាប់ ទើបរំលោភតាមក្រោយ។
នៅចំពោះមុខលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលជាអ្នកដឹកនាំប្រតិបត្តិការ និងជាអ្នកសួរចម្លើយនោះ ជនដៃដល់បានសារភាពថា ខ្លួនមិនដែលស្គាល់ក្មេងស្រីរងគ្រោះនោះទេ គ្រាន់តែធ្លាប់ឃើញ ហើយនៅថ្ងៃកើតហេតុម្សិលមិញនេះ ខ្លួនដើរកាត់បន្ទប់ស្នាក់នៅរបស់ក្មេងស្រី ក៏ឃើញឱកាសល្អនាងនៅម្នាក់ឯង ក៏ចូលធ្វើសកម្មភាពប៉ុនប៉ងរំលោភតែម្ដង។
ប៉ុន្ដែសកម្មភាពរំលោភនោះ មិនទាន់បានសម្រេចនៅឡើយទេ ព្រោះតែក្មេងស្រីរងគ្រោះប្រកែក និងរើសបំរាស់ ហើយខ្លួនក៏បានស្ទុះទៅយកកាំបិតចាក់ចំបំពុងកជនរងគ្រោះ ចំនួន២កាំបិត និងយកឧបករណ៍ឆក់ ទៅឆក់លើខ្នងរបស់នាង បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ទើបខ្លួនធ្វើសកម្មភាពរំលោភតាមក្រោយបានសម្រេច។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្រោយសួរនាំសមត្ថកិច្ចបានរកថា ជនដៃដល់ជាមនុស្សប្រើប្រាស់គ្រឿងញៀន។
តាមរយៈអំពើឃាតកម្មដ៏ព្រៃផ្សៃមួយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមបានសម្ដែងនូវការតកស្លុតយ៉ាងខ្លាំង ហើយពួកគាត់គិតថា ដោយសារឥទ្ធិពល នៃគ្រឿងញៀននេះហើយ បានជំរុញឲ្យចិត្តមនុស្សកាន់តែសាហាវព្រៃផ្សៃពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយពួកគាត់ក៏សំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជំរុញនូវការបង្ក្រាបបទល្មើសគ្រឿងញៀន និងតាមចាប់មេក្លោងធំៗ បានជាបន្ដបន្ទាប់ ដើម្បីសំដៅលុបបំបាត់គ្រឿងញៀនឲ្យអស់ចេញពីប្រទេសកម្ពុជា៕