(ភ្នំពេញ)៖ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចេះប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ ក្នុងការសន្សំប្រាក់ឲ្យបានច្រើន សម្រាប់ទុកប្រើប្រាស់នៅពេលមានការចាំបាច់ ក្នុងប្រការណាមួយ ជាពិសេសក្នុងសម័យកូវីដ-១៩។
ការអំពាវនាវបែបនេះ របស់លោក គា បូរាណ ធ្វើឡើងក្នុងឱកាសដែលអញ្ជើញចូលរួម ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងវិបត្ដិកូវីដ-១៩»។
លោក គា បូរាណ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំលើកទឹកចិត្ដ ឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ប្រើប្រាស់ឥណទានឲ្យមានប្រសិទ្ធភាព ជាពិសេសប្រើប្រាស់ឥណទាន សម្រាប់បង្កើនផលរបរ ហើយចំណូលក្នុងគ្រួសារ ជាជាងប្រើប្រាស់ សម្រាប់តែយកទៅលម្អ ឬមួយក៏ប្រើប្រាស់ ដោយមិនបានបង្កើនចំណូល»។
បន្ថែមពីនោះទៀត លោក គា បូរាណ បានលើកឡើងថា ក្នុងសម័យកូវីដ-១៩នេះ ផលប៉ះពាល់ នៃសេដ្ឋកិច្ចពិតជាមាន ហើយការប្រើប្រាស់ សម្រាប់បង្កើតចំណូលនេះ ជាកត្ដាសំខាន់ ហើយអាចនាំឲ្យសេដ្ឋកិច្ចគ្រួសារ មានភាពប្រសើរឡើង។
ទន្ទឹមគ្នានេះ លោក គា បូរាណ ក៏សូមលើកទឹកចិត្ដឲ្យប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់ប្រព័ន្ធហរិញ្ញវត្ថុ ក្នុងការសន្សំប្រាក់របស់ខ្លួន ឲ្យបានច្រើនផងដែរ។
លោកបានបញ្ជាក់ថា នៅប្រទេសកម្ពុជា ចំនួនអ្នកសន្សំប្រាក់ នៅមានកម្រិតតិច ព្រោះថា មានអ្នកសន្សំប្រមាណ៥លាននាក់ប៉ុណ្ណោះ បើធៀបនឹងចំនួនប្រជាពលរដ្ឋ ដែលមានវ័យជំទង់ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ មានរហូតដល់៩-១០លាននាក់ ដូច្នេះ កត្ដាអ្នកសន្សំ មានប្រមាណ៥០ភាគរយ តែប៉ុណ្ណោះ។
លោក គា បូរាណ បានប្រាប់ថា ការសន្សំ មិនត្រឹមតែជួយ ឲ្យសាច់ប្រាក់មានសុវត្ថិភាព ហើយបង្កើនចំណូល ពីការទទួលបានការប្រាក់ ពីវិស័យធនាគារហរិញ្ញវត្ថុទេ ប៉ុន្ដែថែមទាំងអាច ទុកសម្រាប់ប្រើប្រាស់នៅថ្ងៃខាងមុខ នៅពេលដែលត្រូវការ ដោយប្រការណាមួយទៀតផង។
ជាមួយគ្នានោះទៀត លោកបានបន្ថែមថា ការដែលមានប្រាក់សន្សំទុក ដើម្បីប្រើប្រាស់នៅពេលមានវិបត្ដិ គឺជាកត្ដាចាំបាច់ ហើយការសន្សំប្រាក់នេះ អាចបន្ថយការប៉ះពាល់ច្រើន នៅពេលដែលជួប នូវការចាំបាច់ណាមួយ នៅថ្ងៃខាងមុខ។
ក្នុងនោះផងដែរ លោក គា បូរាណ ក៏សង្ឃឹមថា ប្រជាពលរដ្ឋ និងសហការ បន្ដធ្វើការងារដោយជិតស្និទ្ធ ជាមួយនិងស្ថាប័ន ដែលជាសមាជិករបស់មីក្រូហរិញ្ញវត្ថុ ក្នុងការដោះស្រាយបញ្ហា ដែលអាចកើតមានឡើង ដើម្បីឲ្យទំនាក់ទំនងរវាងអតិថិជន ជាមួយគ្រឹះស្ថាន កាន់តែប្រសើរ៕