(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ។
លោក Pablo Kang ត្រូវបានតែងតាំងជាឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា នៅខែធ្នូ ឆ្នាំ២០១៩។
លោកទេសាភិបាល បានសម្តែងការស្វាគមន៍ចំពោះលោក Pablo Kang និងបានជម្រាបជូនអំពីប្រវត្តិ និងការរីកចម្រើនរបស់កម្ពុជា រួមទាំងនៅក្នុងវិស័យធនាគារ ហើយបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកអភិវឌ្ឍកម្ពុជាតាំងពីដើមរៀងមក ដោយចាប់ផ្តើមចេញពីអង្គការមនុស្សធម៌ រហូតដល់ការចូលរួមក្នុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសតាមរយៈការផ្តល់អាហារូបករណ៍ផ្សេងៗជាច្រើន។
លោកបន្ដថា លើសពីនេះរាជរដ្ឋាភិបាលអូស្រ្តាលី ក៏បានជួយរួមចំណែកក្របខ័ណ្ឌគតិយុត្តិ នៅក្នុងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងជួយពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នផ្នែកហិរញ្ញវត្ថុ នៅកម្ពុជាផងដែរ។
លោកបានបន្ថែមថា ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បានទទួលរងផលប៉ះពាល់ដូចបណ្តាប្រទេសផ្សេងៗទៀតដែរ ហើយធនាគារកណ្តាលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩។
នាឱកាសនោះដែរ លោកទេសាភិបាល ក៏បានជម្រាបជូនពីប្រវត្តិដុល្លារូបនីយកម្មនៅកម្ពុជា ដែលដុល្លារូបនីយកម្មនេះ បានកើតមានឡើងចាប់តាំងពីអាជ្ញាធរអន្តរកាល សហប្រជាជាតិនៅកម្ពុជា (UNTAC) ដែលបានប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក្នុងទីផ្សារសម្រាប់ប្រតិបត្តិការរបស់ខ្លួន។
លោកជម្រាបថា ធនាគារជាតិនៃកម្ពុជា មានគោលជំហរក្នុងការលើកកម្ពស់ប្រាក់រៀលតាមរយៈយន្តការទីផ្សារ និងមិនមានការប្រើយន្តការរដ្ឋបាលក្នុងការធ្វើបដិដុល្លារូបនីយកម្មនោះទេ។
ក្នុងឱកាសនោះ លោកទេសាភិបាលក៏បានអញ្ជើញ លោក Pablo Kang ធ្វើការទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ដែលបានបង្ហាញពីប្រវត្តិកម្ពុជា ក៏ដូចជាការវិវត្តរបស់វិស័យធនាគារ និងរូបិយវត្ថុនៅកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន។
លោក Pablo Kang បានថ្លែងអំណរគុណចំពោះលោកទេសាភិបាល ដែលបានឆ្លៀតឱកាសដ៏មមាញឹកទទួលចូលជួប និងបានជម្រាបជូនពី ទំនាក់ទំនងល្អរវាងកម្ពុជានិងអូស្រ្តាលី ព្រមទាំងបានគាំទ្រនូវអ្វីដែល លោកទេសាភិបាល បានលើកឡើងទាក់ទងនឹងតួនាទីរបស់រាជរដ្ឋាភិបាលអូស្រ្តាលី ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា។
លោកថា ក្នុងការកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩ អូស្ត្រាលីបានខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្ម ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយផលប៉ះពាល់ក៏ដូចជាកាត់បន្ថយការឆ្លងជំងឺនេះផងដែរ។ ជាមួយគ្នានេះ អូស្រ្តាលីបានជួយក្នុងការបង្កើតមូលដ្ឋានទិន្នន័យ អត្តសញ្ញាណប្រជាជនក្រីក្រនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងបន្តគាំទ្រការងារបន្ថែមទៀត ដើម្បីចូលរួមជួយគាំទ្រវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការឧបត្ថម្ភនានាដល់ប្រជាជនក្រីក្រ។
លោកបន្ថែមថា រាជរដ្ឋាភិបាលអូស្ត្រាលីនឹងបន្តគាំទ្រការរីកចម្រើនវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈសកម្មភាពការងារដែលមានស្រាប់ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងបង្កើនវិសាលភាពការងារដើម្បីរួមចំណែកអភិវឌ្ឍវិស័យធនាគារ និងសេដ្ឋកិច្ចនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕