(បន្ទាយមានជ័យ)៖ ប្ដីប្រមឹក ចេញមកពីផឹកស៊ី ស្រាប់តែឈ្លោះនិងប្រពន្ធ ពេលនោះ ក្មួយស្រីបានចូលឃាត់ ហើយក៏ប្រតាយប្រតប់គ្នា ក្មួយស្រី បានយកកាំបិតចិតបន្លែ ចាក់ពូជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ជិន ណារី ភេទស្រី អាយុ២២ឆ្នាំ បានចេញពីកន្លែងធ្វើការ ហើយមកដល់ ផ្ទះស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពេលនោះ ស្រាប់តែប្ដីរបស់របស់មីងខ្លួន មិនដឹងស្រវឹងស្រាពីណា មកដល់ផ្ទះ បានវាយធ្វើបាបប្រពន្ធ ព្រមទាំងជេរប្រមាថ។

ពេលនោះ ក្មួយស្រី បានឃើញពូធ្វើសកម្មភាព វាយធ្វើបាបមីងរបស់ខ្លួនយ៉ាងខ្លាំងដូច្នេះ ក៏ចូលទៅឃាត់បង្កឲ្យមានជម្លោះឈ្លោះ ឈានដល់ការប្រតាយប្រតប់គ្នា រហូតដល់ជនសង្ស័យ បានយកកាំបិតដែលខ្លួន ទិញមកសម្រាប់ចិតបន្លែ ចាក់ទៅលើជនរងគ្រោះខាងលើ បណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយបានស្លាប់ពេលដែល កំពុងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ជិន ណារី ហើយដកហូតកូនកាំបិតចិតបន្លែ បានមួយដើមរួចបញ្ជូនមកមូលដ្ឋាន អាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។

ក្រោយពីសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានយកកូនកាំបិតចិតបន្លែ ចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ រហូតដល់ស្លាប់ពិតប្រាកដមែន ដោយសារខ្លួនឃើញជនរងគ្រោះ ប្រើហិង្សាមកលើមីងរបស់ខ្លួន ស្ទើរតែរាល់ថ្ងៃ។

ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនាញ អាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តចាត់ការបន្ត។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕