(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានទទួលជួបលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំកម្ពុជា និងសហការី ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃប្រទេសស្វីស ដែលបាននិងកំពុងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដោយភាគីស្វីសបានបន្តការអនុវត្តគម្រោង ប្រើប្រាស់ប្រព័ន្ធព័ត៌មានផ្កាយរណបជាមូលដ្ឋាន និងការធានារ៉ាប់រងដំណាំស្រូវក្នុងប្រទេសកម្ពុជា RIICE តាំងពីឆ្នាំ២០១២។

ដោយទទួលបានលទ្ធផលជាផ្លែផ្កា ភាគីស្វីសបានបន្តការអនុវត្តគម្រោងនេះ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបច្ចុប្បន្ននេះបានឈានដល់ ជំហានទី៣ ២០១៩-២០២១ ក្នុងគោលបំណងគ្រប់គ្រងគ្រោះធម្មជាតិ ដែលប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ និងស្វែងយល់ព័ត៌មានទិន្នន័យមួយចំនួនទៀត ដូចជាផ្ទៃដីដាំដុះជាក់ស្តែង ពេលវេលាចាប់ផ្តើមរដូវដាំដុះ កម្រិតកំពូលនៃរដូវដាំដុះ ការព្យាករណ៍ទិន្នផលពាក់កណ្តាលរដូវ ការប៉ាន់ស្មានទិន្នផល ពេលប្រមូលផល និងការវាយតម្លៃការបាត់បង់ដោយសារគ្រោះធម្មជាតិ។

រដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា បច្ចេកវិទ្យា និងព័ត៌មានទាំងអស់នេះ គឺមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីជំនាញ ក្នុងការផ្តល់ទិន្នន័យ និងព័ត៌មាន ដល់ប្រជាកសិករ ហើយពិតជាស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញការអនុវត្តទំនើបកម្មកសិកម្ម យន្តុបនីយកម្មកសិកម្ម ការធ្វើកសិកម្មដែលធុននឹងការប្រែប្រួលអាកាសធាតុ ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់ដាំដុះ ជាពិសេសលើកកម្ពស់ខ្សែច្រវាក់ ផលិតកម្មកសិកម្ម និងតម្លៃបន្ថែម។

ហេតុនេះ លោករដ្ឋមន្ត្រីបានស្នើដល់ភាគីស្វីស បន្តផ្តល់កិច្ចសហការដល់ក្រសួងលើការងារខាងលើ និងពិនិត្យលទ្ធភាពពង្រឹងសមត្ថភាពមន្ត្រី និងប្រជាកសិករ កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាប្រព័ន្ធស្រោចស្រពដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះទឹក បង្កដោយការប្រែប្រួលអាកាសធាតុ និងជំរុញការសិក្សា ស្រាវជ្រាវ និងផលិតពូជគ្រឹះ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

លោក Markus Buerli បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងដែលបាន និងបន្តអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយប្រសិទ្ធភាព តាមរយៈការជំរុញផលិតកម្មក្នុងស្រុក ជាពិសេស ក្នុងដំណាក់កាលនៃជំងឺវីរុសកូវីដ-១៩។ លោកក៏ឯកភាព ចំពោះកង្វល់របស់លោករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបញ្ហាកង្វះទឹក និងកម្ពស់ទឹកនៅទន្លេមេគង្គមានកម្រិតទាបនៅឡើយ ដែលអាចជះឥទ្ធិពលដល់ការងារបង្កបង្កើនផលក្នុងឆ្នាំនេះ។

ហេតុដូច្នេះ ភាគីស្វីសកំពុងធ្វើការពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍មួយ ដែលកំពុងប្រតិបត្តិការនៅកម្ពុជាផងដែរ ដើម្បីរៀបចំគម្រោងឧបត្ថម្ភរយៈពេលខ្លី ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធស្រោចស្រពដល់កសិករ។

មួយវិញទៀត ដោយពិនិត្យឃើញថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងអនុវត្តគម្រោង RIICE ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ភាគីស្វីស នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង ដោយគ្រោងនឹងចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងមួយផ្សេងទៀត ដែលជាគម្រោងជំរុញខ្សែច្រវាក់ផលិតកម្ម ដំណាំសាកវប្បកម្ម ហៅថាគម្រោងបន្លែ ផ្លែឈើកម្ពុជា CHAIN ជំហានទី៣ ពីខែមករា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានលើកប្រធានបទមួយចំនួនទៀត មកពិភាក្សាផងដែរ ដូចជាវឌ្ឍនភាព នៃការធ្វើវិសោធនកម្មច្បាប់ជលផល និងច្បាប់ព្រៃឈើផងដែរ៕