(ប្រេស៊ីឡា)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ដែលមិនធ្លាប់ខ្វល់ពីការផ្ទុះឡើងនៃ COVID-19 នៅថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅប្រេស៊ីល) បានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំងប្រឆាំង COVID-19 មិនមែនជារឿងចាំបាច់ទេ បើទោះបីជាវ៉ាក់សាំងនោះត្រូវបានផលិតជោគជ័យក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងកម្មវិធីជជែកផ្ទាល់ តាមបណ្ដាញហ្វេសប៊ុកជាមួយអ្នកគាំទ្រ លោក Bolsonaro បាននិយាយថា «មនុស្សជាច្រើនចង់ឲ្យវ៉ាក់សាំងប្រឆាំង COVID-19 នេះត្រូវតែចាក់ដោយមិនអាចខកខាន ប៉ុន្តែមិនមានច្បាប់ណាមួយ ដែលចែងអំពីរឿងនេះឡើយ»។
ដោយឡែកអនុប្រធានាធិបតីប្រេស៊ីលលោក ហាមីលតុន មួរ៉ៅ (Hamilton Mourao) បាននិយាយមុននេះថា ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ គឺមិនអាចចៀសផុតបានទេ ព្រោះដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត ដ៏កាចសាហាវនៅប្រទេសប្រេស៊ីលនេះ ប៉ុន្តែលោកនៅតែឈរលើគោលជំហររបស់លោក Bolsonaro។ ទន្ទឹមនឹងនេះ លោក Moura បានគូសបញ្ជាក់ថា «រដ្ឋាភិបាលប្រេស៊ីលគ្មានមធ្យោបាយ ក្នុងការដោះស្រាយរឿងនេះទេ លើកលែងតែយើងរស់នៅក្នុងរបបផ្តាច់ការមួយ ដើម្បីបង្ខំមនុស្សគ្រប់គ្នាឱ្យចាក់វ៉ាក់សាំងនោះ»។
គួរបញ្ជាក់ កាលពីខែមុនប្រទេសប្រេស៊ីលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca) ដើម្បីទិញវ៉ាក់សាំងប្រឆាំង COVID-19 ចំនួន ៣០លានដូសដែលវាកំពុងស្ថិតនៅក្នុង ការអភិវឌ្ឍជាមួយសាកលវិទ្យាល័យ អុកស្វដ (Oxford) និងគ្រោងទិញយកចំនួន ៧០លានដូសទៀត ប្រសិនបើវ៉ាក់សាំងនេះមានប្រសិទ្ធភាព។
គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីឡា) ប្រទេសប្រេស៊ីលដែលមានប្រជាជនសរុបជាង ២១២លាននាក់ មានករណីឆ្លង COVID-19 សរុបជាង ៤,០៤៦,០០០នាក់ ក្នុងនោះស្លាប់ជាង ១២៤,៧០០នាក់ និងជាសះស្បើយវិញជាង ៣,២៤៧,០០០នាក់។ ប្រេស៊ីលជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេលំដាប់លេខ ២ លើលោកទាំងទៅលើករណីឆ្លង និងស្លាប់៕