(ភ្នំពេញ)៖ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែ ដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង ៥គីឡូម៉ែត្រ ដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉លសែនសុខ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅខណ្ឌព្រែកព្នៅ (កាត់មុខហ្គ្រេនភ្នំពេញ)។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋបាលរាជធានីភ្នំពេញមានគម្រោង នឹងបើកការដ្ឋានស្ថាបនាមហាវិថីមួយខ្សែ នៅសប្តាហ៍ក្រោយនេះក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមហាវិថីនេះមានប្រវែង ៥៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល២ម៉ែត្រ ផ្លូវ១២ម៉ែត្រសងខាង ដែលអាចឲ្យរថយន្តធ្វើចរាចរណ៍បាន ៣គន្លងទៅ ៣គន្លងមក មាន ១គន្លងទៅមក សម្រាប់ម៉ូតូ មានចិញ្ចើមផ្លូវសងខាង២ម៉ែត្រ សម្រាប់អ្នកថ្មើជើង ជាមួយនឹងការដាក់លូសង្ខាងផ្លូវទំហំ៨តឹកផងដែរ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បើមិនមានការប្រែប្រួលទេ នៅដើមសប្តាហ៍ក្រោយនេះ លោក ឃួង ស្រេង នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន ហើយការដ្ឋាននេះនឹង ស្ថាបនារួចរាល់ក្នុងរយៈពេល ៦ខែទៀត។
ក្រោយការស្ថាបនារួចរាល់កំណាត់មហាវិថីនេះ នឹងកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ៕