(ភ្នំពេញ)៖ ស្រ្តីម្នាក់បានតាំងខ្លួនជាចៅក្រមសាលាឧទ្ធរណ៍ និងបានយកឈ្មោះថ្នាក់ដឹកនាំមួយចំនួន ដើរឆបោកលុយគេជិត១លានដុល្លារ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តព្រះវិហារ តាមចាប់ខ្លួននៅស្រុកគូលែន ខេត្តព្រះវិហារ រួចបញ្ជូនមកភ្នំពេញវិញ។
សមត្ថកិច្ចបានអះអាងថា ស្រ្តីរូបនេះបានឆបោកជនរងគ្រោះថា ខ្លួនជាបងប្អូនជាថ្នាក់ដឹងនាំធំៗ ចាំជួយពីក្រោយ ហើយបានបានឆបោកជនរងគ្រោះផ្តល់លុយឲ្យខ្លួន ជាបន្តបន្ទាប់ដើម្បីទិញដី ទុកលក់ចំណេញថ្ងៃក្រោយ។ ស្រ្តីសង្ស័យពេលនេះ ត្រូវបានបញ្ជូនខ្លួនពីខេត្តព្រវិហារ បានមកដល់ផ្នែកជំនាញព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានតាមឃាត់ខ្លួនស្រ្តីម្នាក់ ដល់ស្រុកគូលែន ខេត្តព្រះវិហារ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់រំលោភសេចក្តីទុកចិត្ត។
របាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះ អៀង សេងហុង ហៅ សារិទ្ធ មុំ អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤អា ផ្លូវលេខ០២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
របាយការណ៍បានបញ្ជាក់ថា ស្រ្តីរូបនេះបានយកប្រាក់ចំនួន ៨៣៥,០០០ដុល្លារ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ពីឈ្មោះ មិន ស្ស័យ ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រឿងទិញដីធ្លី ដោយស្រ្តីរូបនេះបានបោកយកលុយពីជនរងគ្រោះទៅទិញដីចូលគ្នា ដោយមានកិច្ចសន្យាផ្ទៃក្នុងជាមួយគ្នាថា ពេលដែលលក់ដីបានចែកគ្នា៥០%ស្មើរ នៅពេលដែលស្ត្រីរូបនោះលក់ដីបានគឺចែកគ្នាបានតែដំណាក់កាលកក់ប្រាក់លើកទី១ ពេលដែលអ្នកទិញប្រគល់លុយគ្រប់ចំនួនស្ត្រីរូបនោះមិនបានយកលុយដែលលក់ដីនោះមកចែកគ្នាទេ ។
ក្រោយដឹងថាជនរងគ្រោះឆបោក ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់តំណាងអយ្យការរហូតមានដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីចាត់ការតាមច្បាប់៕