(ភ្នំពេញ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារទូទៅអមក្រសួងព្រះបរមរាជវាំង បានដឹកនាំកិច្ចប្រជុំស្តីពីការជួសជុលកែលម្អ ដើម្បីអភិរក្សព្រះទីនាំងចន្ទឆាយាក្នុងព្រះបរមរាជវាំង ដែលជាស្នាព្រះហស្តដ៏ថ្លៃថ្លារបស់អតីតព្រះមហាក្សត្រខ្មែរ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែរ មានវត្តមានលោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង លោក កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីក្រសួងព្រះបរមរាជវាំង មន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស្វករ អ្នកបច្ចេកទេសរបស់នាយកដ្ឋានសំណង់ព្រះបរមរាជវាំងជាច្រើនរូបទៀត។
បន្ទាប់ពីលោក គុយ សុផល បានសម្តែងនូវគារវកិច្ចស្វាគមន៍ចំពោះសមាសភាព ដែលបានចូលរួមរួចមក អង្គប្រជុំបានធ្វើការពិភាក្សា និងវាយតម្លៃទៅលើលទ្ធផលការងារសំខាន់ៗ ស្តីពីការជួសជុលកែលម្អព្រះទីនាំងចន្ទឆាយា ក្នុងព្រះបរមរាជវាំង ដំណាក់កាលទី២ ឆ្នាំ២០២០ ដែលក្នុងនោះសម្រេចបានលើការងារ៖
១៖ ដំបូលប្រាសាទ ក្នុងនោះមានការងារជួសជុលរចនាសម្ពន្ធបេតុងដំបូល ការងារបង្ហូរទឹកភ្លៀងលើដំបូល ការងារក្បាច់ដំបូល និងការងារគ្រោងផ្តុំដំបូលឈើ។
២៖ ជាន់ទី១ ក្នុងនោះមានការងារជួសជុលរចនាសម្ពន្ធបេតុងធ្នឹម និងបូកពិដាន ការងារជួសជុលជញ្ជាំងឥដ្ឋជាន់ទី១ ការងាររុះរើបេតុងកណ្តាល ការងារជួសជុលរចនាសម្ពន្ធបេតុង កម្រាលជាន់ទី១ និងការងារក្បាច់ជាន់ទី១។
៣៖ ជាន់ផ្ទាល់ដី ក្នុងនោះមានការងារជួសជុលរចនាសម្ពន្ធបេតុងធ្នឹម ការងារជួសជុលជញ្ជាំង ឥដ្ឋជាន់ផ្ទាល់ដី និងការងារទ្វារបង្អួចឈើ។
៤៖ ផ្នែកថ្នាំពណ៌ គំនូរ និងការងារផ្សេងៗ។
អង្គប្រជុំបានឲ្យដឹងផងដែរអំពីលទ្ធផលនៃការខិតខំប្រឹងប្រែង ក្នុងការជួសជុលកែលម្អ អភិរក្សព្រះទីនាំងចន្ទឆាយាដំណាក់កាលទី២ ឆ្នាំ២០២០ សម្រេចបានប្រមាណ ៦៧% ហើយ។
អង្គប្រជុំបានឲ្យដឹងថែមទៀតអំពីការបន្តខិតខំប្រឹងប្រែងក្នុងស្មារតីរួមសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តនូវរាល់ភារកិច្ចទាំងឡាយ ស្របទៅតាមគម្រោងផែនការនៃការជួសជុលកែលម្អ អភិរក្សព្រះទីនាំងចន្ទឆាយា ឲ្យសម្រេចទទួលបានជោគជ័យក្នុងរយៈពេលចំនួន៣ឆ្នាំ ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលជាស្នាព្រះហស្តដ៏ថ្លៃថ្លារបស់អតីតព្រះមហាក្សត្រខ្មែរ បន្សល់ទុកដល់កូនចៅជំនាន់ក្រោយឲ្យមានសោភ័ណភាពយ៉ាងស្រស់ប្រណីត និងមានគុណភាពជាប់រឹងមាំដ៏យូរអង្វែងតរៀងទៅ៕