(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យនិស្សិតកម្ពុជា៦នាក់ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ២០២០ នេះ ចូលជួបសម្តែងការគួរសម។
និស្សិតទាំង៦នាក់ នឹងទៅសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យរដ្ឋល្បីៗនៅប្រទេសបារាំង ផ្នែកវិទ្យាសាស្រ្តទិន្នន័យ បច្ចេកវិទ្យាបណ្តាញទូរគមនាគមន៍ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាភាសាក្នុងប្រព័ន្ធកុំព្យូទ័រ។
ថ្លែងក្នុងពិធីសំណេះសំណាល លោករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរ ចំពោះនិស្សិតទាំង ៦ នាក់ ដែលទទួលបានអាហារូបកណ៍ ទៅសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ២០២០ នេះ។
លោករដ្ឋមន្ត្រី បានណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវឱ្យបានច្រើន ព្រោះការរៀនសូត្រទោះបីជារៀនមួយជិវិតក៏ចេះមិនអស់ដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់អំពីការគាំទ្រ និងរង់ចាំស្វាគមន៍ការវិលត្រឡប់របស់ជ័យលាភីមកបម្រើការងារនៅក្រសួង និងវិទ្យាស្ថានជាតិ NIPTICT វិញក្រោយបញ្ចប់ការសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានចែករំលែកជូននិស្សិត ដែលត្រូវចេញសិក្សាទាំងអស់នោះ នូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ក្នុងនាមជាយុវជនខ្មែរមួយរូប ដែលធ្លាប់បានឆ្លងកាត់ដំណាក់កាល ត្រូវចាកចេញពីគ្រួសារ និងមាតុប្រទេស ដើម្បីទៅធ្វើការសិក្សានៅបរទេសអស់រយៈពេលជិត១០ ឆ្នាំ ពីថ្នាក់បរិញ្ញាបត្រដល់ថ្នាក់បណ្ឌិត។
សូមបញ្ជាក់ថា អាហារូបករណ៍សម្រាប់និស្សិតជ័យលាភីទាំង ៦ រូបខាងលើត្រូវបានជ្រើសរើស តាមយន្តការរៀបចំដោយស្ថានទូតបារាំង និងប្រើប្រាស់ថវិកាមួយផ្នែកពីរដ្ឋាភិបាលបារាំង និងមួយផ្នែកទៀតពីមូលនិធិការកសាងសមត្ថភាពការស្រាវជ្រាវ និងអភិវឌ្ឍន៍ (មូលនិធិ CBRD) វិស័យទូរគមនាគមន៍ និង ICT របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕