(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានរៀបចំពិធីលែងកូនត្រីពូជចំនួន២៥,៥៥៥ក្បាល នៅសហគមន៍ស្រះជម្រក ត្រីពន្លឺជីវភាព នៅឃុំអណ្ដូងពោធិ៍ ដោយមានការចូលរួមពីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋជាង៥០នាក់។
លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណលោក ឆេង សារ៉ន ហៅ ម៉ៅ និងលោកស្រី សេង ហ៊ន្នីថា ដែលបានឧបត្ថម្ភកូនត្រីចំនួន២៥,៥៥៥ក្បាល ដើម្បីព្រលែងនៅក្នុងសហគមន៍ស្រះពន្លឺជីវភាព ដើម្បីឆ្លើយតបតាមការសំណូមពររបស់សហគមន៍នៅទីនោះផងដែរ។ លោកក៏សម្ដែងការសប្បាយរីករាយ ដោយឃើញប្រជាសហគមន៍បានចូលរួមអភិរក្សនិងថែរក្សា ស្រះជម្រកត្រីពន្លឺជីវភាព មិននេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាដើម។
លោកបន្តទៀតថា ការប្រារព្ធពិធីលែងកូនត្រីពូជនេះ ត្រូវបានរៀបចំឡើងចំពេលរដូវបិទនេសាទទូទំាងប្រទេស លើកលែងតែការធ្វើនេសាទជាលក្ខណៈគ្រួសារ ដើម្បីបង្ក លក្ខណៈឲ្យហ្វូងមច្ឆាជាតិ ទំាងឡាយ មានលទ្ធភាពបន្តពូជសម្រាប់ឆ្នាំក្រោយៗបន្តទៀត ជាពិសេសក្នុងគោលបំណង ដើម្បីបំផុសមហាជនឲ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលឲ្យមានការ ប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានរៀបចំកម្មវិធីកំណែទម្រង់វិស័យជលផលដោយ បានលុបឡូត៍នេសាទទំាងអស់ហើយបានប្រគល់សិទ្ធិអំណាចទៅឲ្យសហគមន៍ គ្រប់គ្រង និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។
លោកអភិបាលស្រុកបានក្រើនរំលឹកទៅដល់ខណ្ឌជលផលស្រុក និងអាជ្ញាធរពាក់ព័ន្ធត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិ ជូនដល់ពលរដ្ឋឲ្យបានទូលំទូលាយ ត្រូវធ្វើការបង្កា្របបទល្មើសនេសាទឲ្យមានប្រសិទ្ធិ ដោយធ្វើការសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរជាប់ពាក់ព័ន្ធ ធ្វើការបំផុសការអភិវឌ្ឍពង្រឹងសម្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចជាស្រេចឲ្យបានរឹងមាំ រៀបចំការបោះបង្គោលព្រំកន្លែងអភិរក្ស និងកន្លែង នេសាទ គ្រួសារឲ្យបានច្បាស់លាស់ ត្រូវចាត់វិធានការលើជនល្មើសបំផ្លាញ ព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវ ដល់បងប្អូនកុំឲ្យធ្វើការនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់និងស្បៃមុងដែលនាំឲ្យវិនាស ពូជត្រីទាំងស្រុងនាពេលអនាគត។
ជាចុងក្រោយជាចុងក្រោយលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋ លោកយាយ លោកតា គ្រប់រូបយកទុកដាក់ចិត្តចំពោះជំងឺកូវីដ-១៩ ទោះបីជា នៅក្នុងសហគមន៍មិនមានអ្នកឆ្លងយ៉ាងណាក៏ដោយ ក៏មិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យឱ្យបានជាប្រចាំដូចជាត្រូវ លាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលឱ្យបានញឹកញាប់នៅពេលដែលប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ា នៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារ ដើម្បីទប់ស្កាត់ការ ឆ្លងរោគពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលឱ្យបានជាប្រចាំ ។
សូមបញ្ជាក់ផងដែរថាពូជកូនត្រីដែលបានប្រលែងនៅសហគមន៍ស្រះពន្លឺជីវភាពមានដូចជា៖ ត្រីឆ្ពិន ១០,០០០ក្បាល, ត្រីត្រសក់ ៥,០០០ក្បាល, ត្រីប្រា ១,០០០ក្បាល ត្រីពោរ ១,០០០ក្បាល និងត្រីស្លាត ត្រីក្រាយ ត្រីអណ្តែងទន់ ត្រីគល់រាំង ត្រីស្កោក ត្រីការធ ចំនួន ៥,៥៥៥ក្បាល៕