(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត ព្រមទាំងសហការី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានជួបសំណេះសំណាលជាមួយតំណាងសាលារៀនទាំង១៩ ក្នុងក្រុងព្រៃវែង និងបានឧបត្ថម្ភសម្ភារអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងកំឡុងពេលបើកសាលារៀនឡើងវិញក្នុងខេត្តព្រៃវែង ដើម្បីជួយសម្រួលដល់ការគ្រប់គ្រង លើវិធានការអនាម័យសុខភាព។
លោក ជា សុមេធី បានសំដែងការកោតសរសើរ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា និងសូមបន្តសហការគ្នាដើម្បីអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពសិក្សា និងការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព ក្នុងកំឡុងពេលបើកសាលារៀនឡើងវិញនាពេលនេះ។
លោកអភិបាលខេត្តបានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ ត្រូវខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្សបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំអោយបានល្អប្រសើរ ដើម្បីជួយរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ ជាពិសេសត្រូវណែនាំដល់សិស្សានុសិស្សឲ្យយកចិត្តទុកដាក់ក្នុងការធ្វើអនាម័យជាប្រចាំត្រូវលាងដៃជាមួយសាប៊ូ ជែល អាកុលដើម្បីចៀសឆ្ងាយពីជំងឺកូវីដ១៩ផងដែរ។
លោក ជា សុមេធី ក៏បានឧបត្ថ្ភម្ភដល់លោកគ្រូ អ្នកគ្រូតំណាងសាលារៀនទាំង១៩ ក្នុងក្រុងព្រៃវែង នូវថវិការម្នាក់ៗទទួលបាន ៥ម៉ឺនរៀល និងសម្ភារអនាម័យមួយចំនួនផងដែរ៕