(ភ្នំពេញ)៖ អាជ្ញាធរខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងថា នឹងបោសសម្អាតទីតាំងលំនៅមិនស្របច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំសំកុស ដោយទុករយៈពេល ៧ថ្ងៃ ឲ្យប្រជាពលរដ្ឋដែលតាំងទីលំនៅខុសច្បាប់នៅទីតាំងនោះ រុះរើចេញជាបន្ទាន់។
យោងតាមតាមសេចក្តីជូនដំណឹង របស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ២១គ្រួសារ ដែលកំពុងមកតាំងទីលំនៅ និងកាប់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះផ្ទៃដីតំបន់ ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស កំពុងត្រូវបានជនខិលខូចមួយចំនួនមករំលោភកាប់ទន្ទ្រានព្រៃ កាន់កាប់ដីយ៉ាងអាណាធិបតេយ្យ ទោះជាមានការណែនាំទប់ស្កាត់ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រី ជំនាញយ៉ាងណាក៏ដោយ ក៏នៅតែមានការកាប់ទន្ទ្រានព្រៃកើតមានឡើងដដែល។
ដើម្បីថែរក្សាព្រៃ និងដីតំបន់ការពារធម្មជាតិ ដែលជាប្រភពធនធានធម្មជាតិដ៏សំខាន់បំផុតសម្រាប់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តពោធិ៍សាត់ទាំងមូល រដ្ឋបាលសាលាខេត្តពោធិ៍សាត់ នឹងចាត់វិធានការរដ្ឋបាលបោសសម្អាត ទីតាំងរស់នៅនៅមិនស្របច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស ចាប់ពីចំណុចស្ពានអូរ ១៧ រហូតដល់លើភ្នំ១៥០០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយរដ្ឋបាលខេត្ត ទុករយៈពេលមួយសប្តាហ៍ (០៧ថ្ងៃ) គិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ សម្រាប់រយៈពេលឱ្យប្រជាពលរដ្ឋ ចំនួន ២១គ្រួសារ ធ្វើការរុះរើផ្ទះ និងខ្ទមទាំង៤៣ ខ្នងដែលបានសាងសង់នៅមិនស្របច្បាប់ ចេញពីចំណុចខាងលើដោយខ្លួនឯង ហើយបញ្ឈប់រាល់សកម្មភាពកាប់រុករានដីព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ។
«ដល់ថ្ងៃផុតកំណត់នៃសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការការរុះរើ ដោយមិនទទួលខុសត្រូវរាល់ ការខូចខាតនោះទេ ក្នុងករណីនេះប្រជាពលរដ្ឋណាដែលរឹងរូស ឬប្រឆាំងតបតដោយហិង្សាត្រូវទទួល ទោសតាមច្បាប់ជាធរមាន»។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់បន្ថែម។
លោក ម៉ៅ ធនិន ក៏បានបញ្ជាដល់គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីឧទ្យានុរក្ស ត្រូវធ្វើការតាមដានសកម្មភាព ប្រជាពលរដ្ឋតាមសេចក្ដីជូនដំណឹងនេះ ហើយបន្ទាប់ពីដល់ថ្ងៃកំណត់ នៃសេចក្ដីជូនដំណឹងត្រូវចុះរុះរើផ្ទះ ឬខ្ទមដែលនៅមិនទាន់មានការរុះរើទាំងអស់ចេញ ពីតំបន់ការពារធម្មជាតិ។ អាជ្ញាធរមូលដ្ឋានត្រូវតាមដាន និងធ្វើការគ្រប់គ្រងជនចំណូលស្រុក ដោយមិនត្រូវចេញលិខិតបញ្ជាក់ទីលំនៅ ឬលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនៅតំបន់ការពារធម្មជាតិឡើយ៕