(កំពង់ធំ)៖ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានចុះពិនិត្យតាមសាលារៀន ដើម្បីរៀបចំខ្លួនក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមសាលារៀន ដើម្បីត្រៀមបើកការបង្រៀនឡើងវិញនៅថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០២០ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងដំណើរចុះពិនិត្យសាលានៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោក អួង សារឿន បានលើកឡើងថា សាលារៀនទាំងអស់ ត្រូវបើកឱ្យសិស្សានុសិស្សបានសិក្សារៀនសូត្រឡើងវិញ ចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះតទៅ។ តែដោយសារវិបត្តិនៃជំងឺកូវិដ១៩ មិនទាន់អន់ថយនៅឡើយទើបក្រសួង បានណែនាំឱ្យអាជ្ញាធរដែនដី លោកនាយកសាលា លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់ការពារកុំឱ្យជំងឺនេះមានការឆ្លងចូលក្នុងសាលា ព្រមទាំងឱ្យសាលារៀបចំអនាម័យ សម្អាតបរិស្ថាន និងណែនាំសិស្សានុសិស្ស សម្អាតដៃឱ្យបានស្អាត ឱ្យបានញឹកញាប់ និងពាក់ម៉ាស់ជាប្រចាំ។
លោកបញ្ជាក់ថា «ជាមួយនឹងការដាក់ចេញនូវវិធានការដើម្បីការពារនូវជំងឺកូវីដ១៩ យើងតម្រូវឱ្យមានច្រកចេញចូលដែលមានការបាញ់អាកុលសម្លាប់មេរោគ ការពាក់ម៉ាសការពារ ការអនុវត្តវិធានការលាងដៃនឹងសាប៊ូ អាកុល ទឹកជេល នឹងការដាក់គម្លាតសុវត្ថិភាពពីគ្នាមួយម៉ែត្រកន្លះ ក្រៅពីនេះវេនចេញលេងរបស់សិស្សក៏ត្រូវមានការប្ដូរវេនគ្នាផងដែរ»។
ជាចុងក្រោយលោកបានផ្តាំផ្ញើឱ្យលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ឱ្យយកចិត្តទុកដាក់ពិនិត្យចំពោះសិស្សានុសិស្សណា ដែលមានបញ្ហាអ្វីមួយ ដូចជាការឡើងកម្ដៅខ្ពស់ នឹងផ្ដល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធ។
លោក អួង សារឿន ក៏បានសំណូមពរឱ្យអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ត្រូវតែចូលការពារយកចិត្តទុកចំពោះការសិក្សា និងបញ្ហាសុខភាពរបស់កូនៗខ្លួនឱ្យបានជាប្រចាំ។ ជាពិសេសក្មួយៗសិស្សានុសិស្សត្រូវស្តាប់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ ក្នុងការសិក្សារៀនសូត្រ ព្រមទាំងអនុវត្តន៍តាមវិធានការអនាម័យឱ្យបានខ្ជាប់ខ្លួន៕