(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់វត្តនិគ្រោធវ័ន (វត្តគល់ទទឹង) ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិដ្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញ និងនិមន្តចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បរិស្ថាន ព្រះសង្ឃ តាជី យាយជី នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងបរិវេណវត្តនិគ្រោធវ័ន (វត្តគល់ទទឹង) ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
លោក នេត្រ ភក្រ្តា បានឲ្យដឹងថា វត្តនិគ្រោធវ័ន (វត្តគល់ទទឹង) គឺពិតជាមានបរិស្ថាននស្អាត មានចម្រុះទៅដោយដើមឈើគ្រប់ប្រភេទ ដែលផ្តល់ជាម្លប់ត្រឈឹងត្រឈៃ សាកសមជាកន្លែងស្រស់ស្អាត និងស្ងប់ស្ងាត់សម្រាប់ការតាំងរៀនធម៌វិន័យរបស់ព្រះសង្ឃ។ ម៉្យាងវិញទៀត ការចូលរួមក្នុងការគាំពារនិងសម្អាតបរិស្ថាន មិនមែនជាកាតព្វកិច្ចរបស់នណារម្នាក់នោះទេ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាស្អាត និងមានបរិស្ថានល្អ និងពណ៍បៃតង។
លោករដ្ឋលេខាធិការបន្ថែមថា វត្តអារាមមិនត្រឹមតែជាទីសក្តារៈបូជាប៉ុណ្ណោះទេ ប៉ុន្តែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចួលរួម និងផ្សព្វផ្សាយដល់ពុទ្ធបរិស័ទឱ្យមានការប្រតិបត្តិមេត្រីភាពបរិស្ថាន ព្រមទាំងចូលរួមអប់រំ បណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិ និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ សត្វព្រៃ។
សូមបញ្ជាក់ថា ពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់វត្តនិគ្រោធវ័ន ក្រសួងបរិស្ថាន បានប្រគេនជូនព្រះសង្ឃ នូវធុងចម្រោះទឹកស្អាតសម្រាប់បរិភោគ ១គ្រឿង និងធុងញែកសំរាមចំនួន២ ផងដែរ។ វត្តនិគ្រោធវ័ននេះ ក៏បានទទួលរួចមកហើយនូវឡដុតសំរាម និងរឺម៉កសម្រាប់ដឹកសំរាមផងដែរ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ព្រះចៅអធិការ និងគណៈកម្មការគ្រប់គ្រងវត្តអារាមទូទាំងប្រទេសសូមចូលរួមប្រតិបត្តិមេត្រីបរិស្ថានជាពិសេសនៅអំឡុងពិធីបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទនឹងអញ្ជើញមកវត្តអារាមច្រើន សំរាមដែលបង្កើតឡើងក៏ច្រើនដែលជាការចាំបាច់ត្រូវរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវនិងញែកតាមប្រភេទ។
ភិក្ខុវជិរប្បញ្ញោ គូ សុភាព មានថេរដីកាថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ពិសេសលោករដ្ឋមន្រ្តី សាយ សំអាល់ ចំពោះការផ្តល់បណ្ណមេត្រីភាពបរិស្ថាន នាពេលនេះក៏ដូចជាបានលះបង់កម្លាំងកាយចិត្តបញ្ញារួមជាមួយមន្ត្រីនៃក្រសួងបរិស្ថានក្នុងការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ព្រៃឈើសត្វព្រៃបានល្អមួយជាពេលបច្ចុប្បន្ននេះ។
វត្តនិគ្រោធវ័ន (វត្តគល់ទទឹង) ជានិច្ចកាលតែងបានចូលរួមចំណែកក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន នៅក្នុងបរិវេណវត្តទាំងមូល ព្រមទាំងមានការចាត់ចែងគ្រប់គ្រងអនាម័យបរិស្ថានជាប្រចាំ និងមានការដាំកូនឈើ ដើម្បីជាម្លប់និងបានផ្តល់ជាខ្តល់បរិសុទ្ធសម្រាប់ពុទ្ឋបរិស័ទ្ធថែមទៀតផង។
ជាមួយគ្នានេះលោក នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកាកូឡាដែលបានចូលរួមគាំទ្រផ្តល់ជាធុងញែកសំរាម និងក្រុម G Power ដែលបានផ្តល់ធុងចម្រោះទឹកស្អាត។ តាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា ក្រុមហ៊ុនកូកាកូឡាបានផ្តល់ធុងសំរាមចំនួន ១៧០ធុងដាក់នៅតាមសាលា រៀននិងវត្តអារាមនានាក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តឧត្តរមានជ័យ។
ចំណែកក្រុមហ៊ុន ក្រុម G Power បានផ្តល់ធុងចម្រោះទឹកស្អាតចំនួន១១ សម្រាប់ដាក់នៅតាមសាលារៀន និងវត្តនៅរាជធានីភ្នំពេញ។ ទាំងក្រុមហ៊ុនកូកាកូឡា និងក្រុមក្រុម G Power បានចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីបរិស្ថានស្អាត និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។
ក្រសួងបរិស្ថាន បានរៀបចំកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថានក្រោមប្រធានបទ «រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន» ក្នុងគោលបំណង ទី១៖ លើកទឹកចិត្តដល់ប្រតិបត្តិករ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីសកម្មភាពប្រតិបត្តិមេត្រីភាព បរិស្ថានរបស់ប្រតិបត្តិករគំរូ សម្រាប់ឆ្នាំ២០២០នេះ ទី២)៖ ការចែករំលែកបទពិសោធប្រតិបត្តិមេត្រីភាពបរិស្ថានរបស់ប្រតិបត្តិករគំរូដល់រូបវន្តបុគ្គល និងនិតិបុគ្គលផ្សេងៗទៀតបានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃសកម្មភាពចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ទី៣៖ បញ្រ្ជាបការយល់ដឹងពីការប្រតិបត្តិមេត្រីភាពបរិស្ថានដល់យុវជន ប្រជាសហគមន៍ សាធារណជន ឱ្យចូលរួមស្រឡញ់ធម្មជាតិ និងចូលរួមគាំពារបរិស្ថានឱ្យបានល្អ និងទី៤៖ ជំរុញការផ្សព្វផ្សាយបន្តដល់ សាធារណជនដ៍ទៃទៀតពីសកម្មភាព ប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅ ដោយចីរភាព។
ជាមួយគ្នានេះក្រសួងបរិស្ថានបានលើកទឹកចិត្តមេត្រីភាពបរិស្ថាន តាមរយៈការផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់រូបវន្តបុគ្គល និងនីតិបុគ្គល ដែលបានចូលរួមធ្វើសកម្មភាពមេត្រីភាពបរិស្ថាន មានជាអាទិ៍៖ ការធ្វើអនាម័យ ការទុកដាក់សំណល់ ការដាំដើមឈើ បង្កើតផ្ទៃបៃតង ការសន្សំសំចៃធនធានទឹក និងថាមពល ការបង្កើតបច្ចេកវិទ្យាបៃតងជាដើម។ល។ផងដែរ៕