(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ចំនួន១៩នាក់ ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្ត នៅក្រសួងសង្គមកិច្ចអតីយុទ្ធជន និងយុវនិតិសម្បទា។
ថ្លែងក្នុងឱកាសជួប សំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកប្រសាសន៍ផ្តាំផ្ញើ របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា សាកសួរសុខទុក្ខ នឹករលឹក ដល់និវត្តន៍ជនទាំងអស់ និងបានណែនាំពួកគាត់ ត្រូវគិតគូររៀបចំផែនការសេដ្ឋកិច្ចក្នុងគ្រួសារក្រោយពីបានចូលសោធននិវត្តន៍នាពេលនេះ ហើយត្រូវផ្តល់លេខទូរសព្ទផ្ទាល់ខ្លួនងាយស្រួលក្នុងការទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារអាវុធហត្ថ។ លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា និវត្តន៍ជន ដែលមានទុក្ខកង្វល់ និងមានបញ្ហាខ្វះខាតផ្នែកជីវភាពត្រូវការឲ្យជួយ ត្រូវតែទំនាក់ទំនងមកអង្គភាពជាបន្ទាន់ ក្នុងនាមលោកឧត្តមសេនីយ៍ឯក ជាមេបញ្ជាការ លោកបានសន្យាថា នឹងជួយដោះស្រាយ ឧបត្ថម្ភ តាមលទ្ធភាពដោយមិនបណ្តែតបណ្តោយឲ្យកម្លាំងក្រោមឱវាទ ក៏ដូចជា អតីតយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ ចំណុះឲ្យអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ ដាច់បាយនោះឡើយ។
ក្រោយពីការសំណេះសំណាលសួរសុខទុក្ខរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់និវត្តន៍ជនក្នុងម្នាក់ៗទទួលបានទទួលបាន មី ២កេស ភេសជ្ជ: ៣កេស ជែលលាងដៃ ១ដប ស្មើ ១លីត្រ និង ថវិកាចំនួន ១០០ដុល្លារ ជាការចូលរួម យកទៅប្រើប្រាស់ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះផងដែរ ៕