(ភ្នំពេញ)៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ជាទិវាយល់ដឹងអំពីត្មាតអន្តរជាតិ២០២០ ដោយភ្ជាប់ជាមួយនូវ សារដែលបញ្ជាក់យ៉ាងច្បាស់ថា សត្វត្មាតត្រូវការជំនួយពីយើងទាំងអស់គ្នា ប្រសិនបើយើងចង់ឃើញមានវត្តមានសត្វត្មាតរស់នៅក្នុងប្រទេសកម្ពុជាបន្តទៀត។
សត្វត្មាត គឺជាអ្នកត្រួតពិនិត្យខ្យល់អាកាស យោងតាមទិន្នន័យទទួលបានពីផ្កាយរណបនាពេលថ្មីៗនេះ ទាក់ទងទៅនឹងបំលាស់ទីរបស់សត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង បានបង្ហាញឱ្យដឹងថា សត្វត្មាតអាចហោះហើរ នៅលើអាកាសបាន កម្ពស់ ៦គីឡូម៉ែត្រ និងអាចហើរបានក្នុងល្បឿន រហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាអាចហើរទៅមកពីអាហារដ្ឋានផ្តល់ចំណីសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃសៀមប៉ាងយ៉ាងងាយស្រួល។ ទោះយ៉ាងណា ក៏មានរឿងជាច្រើនទៀតដែលគួរស្វែងយល់អំពីសត្វត្មាត។
សត្វត្មាតដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន ព្រោះវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជា ភ្នាក់ងារសម្អាតបរិស្ថាន។ ប៉ុន្តែ វាគឺជារឿងដែលធ្វើឱ្យពួកវាមានគ្រោះថ្នាក់ទៅវិញ។ ការប្រើប្រាស់ថ្នាំពុលដែលមានសារធាតុ carbofuran អាចធ្វើឱ្យអន្តរាយដល់សត្វត្មាត។ សារធាតុគីមីដ៏គ្រោះថ្នាក់ទាំងនេះគួរតែត្រូវបានហាមឃាត់ ព្រោះវាក៏បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សផងដែរ។ ជាលទ្ធផល សត្វត្មាតក្នុងស្រុកទាំងបីប្រភេទ ដែលរស់នៅតាមព្រៃល្បោះនៃប្រទេសកម្ពុជា កំពុងទទួលការគំរាមកំហែងឈានដល់ការផុតពូជ។
ប្រទេសកម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតទាំងនេះ នៅក្នុងតំបន់ ប៉ុន្តែចំនួននេះបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ នៅមានចំនួនសត្វត្មាតមិនច្រើនទេ ដែលកំពុងមានវត្តមាននៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទែងត្រែង និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ។
លោក ម៉ាយឃើល ម៉ីយ័រហូហ្វ (Michael Meyerhoff) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឲ្យដឹថា «ប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចមានមោទនភាពចំពោះខ្លួនឯងដែលនៅមានវត្តមានសត្វត្មាតនៅក្នុងប្រទេស ប៉ុន្តែ គ្រប់គ្នាចាំបាច់ត្រូវតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអភិរក្ស តាមរយៈការជួយការពារទីជម្រករបស់សត្វត្មាត និងជាពិសេសត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។ បើមិនដូច្នេះទេ សត្វត្មាតរបស់កម្ពុជានឹងវិនាសផុតពូជដូចនៅក្នុងប្រទេសថៃនិងវៀតណាមជាមិនខាន»។
ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានបង្កើតឡើងដោយរួមមាន អង្គការមិនមែនរដ្ឋាភិបាល រដ្ឋាភិបាល និងវិទ្យាស្ថានអប់រំជាន់ខ្ពស់ ក្នុងគោលបំណងទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា។ នៅក្នុងទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២០ យើងចូលរួមជាមួយអ្នកអភិរក្សសត្វត្មាតនានានៅទូទាំងពិភពលោកដើម្បីរំឭកដល់សត្វត្មាត។
លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការ WWF បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានភាពអភិរក្សសត្វត្មាតទាំងបីប្រភេទដែលជាប្រភេទជិតផុតពូជបំផុត នៅកម្ពុជា គឺមានលក្ខណគួរឱ្យព្រួយបារម្ភខ្លាំង។ ថ្នាំសម្លាប់សត្វល្អិតមិនត្រឹមតែបង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិតរស់រានរបស់សត្វត្មាតប៉ុណ្ណោះទេ វាថែមទាំង ប៉ះពាល់ដល់សុខភាពមនុស្ស និងបសុសត្វផងដែរ។ អង្គការ WWF កំពុងតែស្វែងរកការគាំទ្រមតិលើវិធីសាស្ត្រ «សុខភាពមួយ (One Health)» ដែលផ្សាភ្ជាប់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថានរួមរបស់យើង ព្រមទាំងជំរុញឱ្យមានការធ្វើសេចក្តីសម្រេចចិត្តបញ្ឍប់ការបរិភោគសត្វព្រៃ និងការប្រើប្រាស់ដីធ្លី»។
សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវិធីប្រចាំកម្ពុជា (BLI) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា (CBGA) អង្គការជីវិតធម្មជាតិកម្ពុជា (NLC) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕