(ភ្នំពេញ)៖ ប្រភពព័ត៌មានស្និទ្ធនឹងក្រុមចលនាដែលបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ នៅក្រៅប្រទេសបានប្រាប់អ្នកនយោបាយតុកាហ្វេថា បណ្តាញរប៉េះរប៉ោះក្នុងស្រុករបស់ពួកគេគ្រោងរៀបចំធ្វើ បាតុកម្មបន្តទៀតនៅថ្ងៃចន្ទទី៧ កញ្ញាខាងមុខនេះ ដើម្បីចិញ្ចឹមចលនារបស់ខ្លួនទោះបីជា អាជ្ញាធរមានសម្ថកិច្ចបានចេញការបដិសេធជាផ្លូវការមិនអោយពួកគេធ្វើបាតុកម្មពីថ្ងៃ៧ដល់១៥កញ្ញា ២០២០ខាងមុខក៌ដោយ។
អ្វីជាការកត់សម្គាល់នោះ គឺថានៅមុនពេលធ្វើបាតុកម្ម តំណាងរបស់ពួកគេ៤រូប មានទាំងព្រះសង្ឃមួយអង្គផងបានចូលជួប មន្ត្រីស្ថានទូតបរទេសមួយនៅភ្នំពេញ ដើម្បីពិភាក្សារាយការណ៍ប្រាប់អំពីសកម្មភាព របស់ខ្លួននិងសុំយោបល់ណែនាំពីមន្ត្រីបរទេសនោះផងដែរ។
ទង្វើនេះសបញ្ជាក់ឲ្យឃើញថា បណ្តាញដែលបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ពីក្រៅប្រទេសដែលភាគច្រើនកំពុងជាប់បណ្តឹងតុលាការ និងមានដិកាចាប់ខ្លួនផងនោះ គឺ ពិតជាក្រុមចលនាខុសច្បាប់និងបម្រើមហិច្ឆតាបរទេសផង និងមានបំណងបង្កបញ្ហាអុកឡុកពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងពេលដែលប្រជាពលរដ្ឋខ្មែរជាទូទៅកំពុងបន្តអនុវត្តផែនការនានាតាមការណែនាំរបស់រដ្ឋាភិបាលដើម្បីបង្កាទប់ស្កាត់កុំឲ្យឆ្លង និងចម្លងជម្ងឺកូវីដ១៩។
មេខ្លោងនៃចលនាខុសច្បាប់នេះក៏រួមមានទាំង អេង ឆៃអ៊ាង និង មួរ សុខហួរ ផងដែរដែលកំពុងតែ រត់គេចខ្លួនទៅសម្ងំនៅឯបរទេស បានបញ្ជាអោយក្រុមយុវជនមួយក្តាប់តូចនេះប្រកាន់យកនូវទស្សនៈជាយុទ្ធសាស្ត្រថា «ត្រូវតែជំរុញបង្កើតបញ្ហា និងបង្កបញ្ហាឲ្យកាន់តែធ្ងន់ធ្ងរឡើង» ពីព្រោះពួកគេយល់ឃើញថា ប្រសិនបើមិនធ្វើដូច្នេះទេ គឺមិនអាចដោះស្រាយបញ្ហាជាចង្កោមបាននោះឡើយ។
បញ្ហាជាចង្កោមដែលពួកគេចង់និយាយ គឺការដោះស្រាយពិរុទ្ធភាពរបស់ពួកគេផង, ដោះស្រាយខ្មោចបក្សដែលស្លាប់ទៅហើយក្រែងអាចរស់ឡើងវិញផង និងដោះស្រាយគោលដៅរបស់ចៅហ្វាយបរទេស ដែលចង់លូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជាផង។
ដើម្បីសម្រេចគោលដៅនេះ កន្លងមកពួកគេបានប្រើប្រាស់បណ្តាញក្នុងស្រុកដើម្បីអុកឡុកបង្កើតបញ្ហានេះ ឬបញ្ហានោះមិនចេះចប់។ លើការជាក់ស្តែងបន្ទិចពួកគេបង្កការញុះញង់និងបំភ្លៃបញ្ហារឿងព្រំដែន បង្កបញ្ហារឿងបរិស្ថាន បង្កបញ្ហារឿងដីធ្លី ជាដើម។
ទាំងអស់នេះសុទ្ធសឹងជារៀបវារៈ ដែលពួកគេបានរៀបចំទុកនិងបានធ្វើសកម្មភាពជាបន្តបន្ទាប់ពីព្រោះពួកគេយល់ឃើញថា បញ្ហាទាំងនោះគឺជារឿងរសើប ដែលងាយទាក់ទាញការចាប់ អារម្មណ៍របស់ប្រជាពលរដ្ឋក៏ដូចជាពីសហគមន៍អន្តរជាតិ។
ម្យ៉ាងទៀត ពួកគេមានបណ្តាញអង្គការសង្គមស៊ីវិលដែលក្នុង នោះ មានមួយចំនួនជាអង្គការខុសច្បាប់ដែលមានសន្តាន ប្រហាក់ប្រហែលគ្នាចាំជួយគាំទ្រនិងបន្ទរកាងពីក្រោយខ្នង ដោយ «ជ្រកក្រោមលេស ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងរកយុត្តិធម៌សង្គម» ។ ហេតុដូច្នេះហើយ ការជំរុញទាំងបំពានច្បាប់និងការហាមឃាត់របស់សមត្ថកិច្ចដែលមិនអោយធ្វើបាតុកម្ម ក៏ជាអ្វីដែលពួកក្រុម យុវជនជ្រុលនិយមនៃចលនា ឧទ្ទាមក្រៅច្បាប់នេះចង់បានដែរ។ ហេតុអ្វី? ពីព្រោះនៅពេលដែលពួកគេបង្កការអុកឡុក ហើយអាជ្ញាធរ រារាំង ពួកគេក៏ «ខិតខំប្រឹងសម្តែងឈុតឆាកផ្សេងៗអោយដូចជាពិតមែនទែន» ដើម្បីឲ្យសាធារណៈមតិមើលឃើញថា អាជ្ញាធរបានប្រើអំពើហិង្សាទៅ លើពួកគេហើយមានក្រុមផ្សេងមួយទៀតរង់ចាំថតរូបកាត់ត បញ្ចូលសំលេងធ្វើអត្ថាធិប្បាយ ដោយមួលបង្កាច់ បំភ្លៃនិងបំភ្លើស ដើម្បីផ្សព្វផ្សាយបំភាន់និងបំពុលសង្គម។
គៅលដៅចុងក្រោយដែលទាញចេញពីទង្វើបែបនេះ គឺគ្មានអ្វីក្រៅពីពួកគេចង់អូសក្រឡារុញច្រានប្រទេសជាតិនេះ ឲ្យធ្លាក់ទៅក្នុងសភាពវឹកវរ ចលាចល ដូចនៅប្រទេសថៃ ឬដែនដីហុងកុងជាដើម។ គោលដៅសំខាន់មួយទៀតនៃការធ្វើចលនាទាំងបំពានច្បាប់របស់ក្រុមនេះគឺធ្វើយ៉ាងណាឲ្យប្រជាជនខ្មែរភ្លេច កូវីដ ១៩ ដើម្បីឲ្យមេរោគនេះឆ្លងរាលដាលចូលក្នុងសហគមន៍ រហូតដល់អាជ្ញាធរទប់លែងជាប់ហើយពួកគេមានលេសបន្ទោស និងចោទប្រកាន់ទំលាក់កំហុសថា រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អសមត្ថភាព និងបណ្តោយឲ្យកូវីដឆ្លងច្រើន ក្នុងសហគមន៍និងសម្លាប់ពលរដ្ឋខ្មែរក្នុងករណីដែលមានអ្នកស្លាប់។ នៅពេលដែល មានមនុស្សស្លាប់ដោយសារកូវីដ ១៩ ហើយប្រសិនបើសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់ខ្លាំង ពួកគេនឹងមានឱកាសកាន់តែច្រើនដើម្បីជាន់ពន្លិចរដ្ឋាភិបាល។
ប៉ុន្តែ ខ្ញុំយល់ថា ល្បិចកលទាំង អស់នេះ ទោះបីជាមានចរឹក លក្ខណៈទុច្ចរិត និងពិសពុល យ៉ាងណាក៏ដោយ ក៏មិនអាច រំលងពីក្រសែភ្នែករបស់អាជ្ញាធរ រដ្ឋាភិបាលបានឡើយ។
ទោះបីជាពួកគេខិតខំបន្លំខ្លួន ដោយជ្រកក្រោមស្លាកអង្គការ សង្គមស៊ីវិល ឬបន្លំធ្វើជាសកម្មជនការពារបរិស្ថាន សកម្មជនការពារព្រំដែន ឬ សកម្មជនរកយុត្តិធម៌សង្គមយ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំងមុខមាត់ និងធាតុពិតរបស់ពួកគេបានដែរ។
ប្រភពពីអាជ្ញាធរមានសមត្ថកិច្ចក៏បានប្រាប់អ្នកនយោបាយតុកាហ្វេផងដែរថា វិធានការចាំបាច់ និងតឹងរ៉ឹងចំពោះក្រុមនេះ នៅតែបន្តធ្វើដោយមិនបន្ធូរដៃឡើយពីព្រោះអាជ្ញាធរយល់ឃើញថា វិធានការទាំងនេះគឺ ដើម្បីការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅ។ ដូច្នេះទោះជាក្នុងតម្លៃណាក៏ដោយ និងទោះជាក្រុមនេះនិងបក្សពួករបស់គេនិយាយយ៉ាងណាក៏ដោយ ក៏មិនសំខាន់ជាងសេចក្តីសុខ របស់ប្រជាពលរដ្ឋនិងសង្គមជាតិ ទាំងមូលដែរ។
លេសរបស់ពួកដែលកំពុងជំរុញចលនាអុកឡុកនេះគឺចោទថា៖
* រដ្ឋាភិបាលផ្តាច់ការ ! ប៉ុន្តែសួរថា បើផ្តាច់ការចំពោះជនមួយក្តាប់តូចដើម្បីការពារសេចក្តីសុខរបស់ពលរដ្ឋខ្មែរទូទាំងប្រទេស តើមានអ្វីត្រូវរារែកមិនហ៊ានធ្វើនោះ?
* ពួកគេចោទរដ្ឋាភិបាលថា រំលោភសិទ្ធិមនុស្ស! ប៉ុន្តែ ចំណាត់ការចំពោះមនុស្សមួយក្តាប់តូចដែលចាំតែបង្កការញុះញង់និងអុកឡុកក្រឡុកសភាពការណ៍ប្រទេសជាតិ ជាថ្នូរនឹងការការពារសិទ្ធិមនុស្សមួយប្រទេសឲ្យរស់នៅក្នុងសុខសន្តិភាព តើមួយណាសំខាន់ជាង?
* ពួកគេស្រែកថារដ្ឋាភិបាល បំបិទសិទ្ធិក្រុមបាតករ ! ប៉ុន្តែ ការបំបិទសិទ្ធិមនុស្សមួយក្តាប់តូចដែលបំពានច្បាបនិងបំពានលើ សិទ្ធិអ្នកដទៃដើម្បីការពារសិទ្ធិនិងសេរីភាពរបស់មនុស្សមួយប្រទេសឲ្យធ្វើបុណ្យទានដោយ ស្ងប់ស្ងាត់និងអាចដើរហើរ សប្បាយដោយសេរីដោយគ្មានការភ័យខ្លាច តើមានអ្វីដែលខុសឆ្គងនោះ?
ខ្ញុំយល់ថារដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជារដ្ឋាភិបាលដែលបានកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋជាង ៨៣% ហើយរដ្ឋាភិបាលនេះពិតជាមាននិត្យានុកូលភាពពេញលេញតាមផ្លូវច្បាប់និងមានកាតព្វកិច្ចការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកនាំអភិវឌ្ឍន៍ប្រទេសទៅតាមគោលនយោបាយដែលបាន ដាក់ចេញមុនពេលបោះឆ្នោត។
ក្នុងន័យនេះ ប្រការដែលអាជ្ញាធរ រដ្ឋាភិបាលនេះមិនអនុញ្ញាតជាដាច់ខាតអោយជនណាឬក្រុមណាក៏ដោយដែលធ្វើសកម្មភាព បំផ្លិចបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ បំផ្លាញសេចក្តីសុខ របស់ប្រជាពលរដ្ឋ និងជាពិសេស បំផ្លាញសន្តិសុខជាតិគឺជាការ សំរេចចិត្តដ៏ត្រឹមត្រូវស្របច្បាប់ និងជាពិសេសស្របស្ថានភាពដែលប្រទេសជាតិកំពុងប្រឈមមុខពុះពារដោះស្រាយបញ្ហា និងផលប៉ះពាល់ដែលជាបច្ច័យនៃជម្ងឺរាតត្បាតជាសាកលកូវិដ ១៩។
ដូច្នេះ អ្វីដែលនៅពីក្រោយចលនាបាតុកម្មណាមួយ ឬក៏សកម្មភាព ឬសេចក្តីថ្លែងការណ៍ណាមួយដែលមាន ចរិតបំផ្លិចបំផ្លាញដូចបានលើក ឡើងខាងដើម ចាំបាច់ត្រូវតែរងវិធានការក្តៅតាមផ្លូវច្បាប់ពីព្រោះការបណ្តែតបណ្តោយឲ្យក្រុមនេះ ឬក្រុមនោះធ្វើបាតុកម្ម ឬសកម្មភាពក្រោមខ្សែញាក់របស់ពួកឧទ្ទាមក្រៅច្បាប់រឺចៅហ្វាយ បរទេស វាពិតជាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់អធិបតេយ្យជាតិនិងភាពសុខសានរបស់ប្រជាជាតិ និងប្រជាជនខ្មែរយើង៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ