(ព្រះសីហនុ)៖ បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តកោះកុង លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណៈប្រតិភូអមដំណើរ បានបន្តជួបសំណេះសំណាល ជាមួយមន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) ខេត្តព្រះសីហនុ នៃអគារ ល.ខ.ប ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។
លោក តេង វណ្ណឌី ប្រធាន ល.ខ.ប ព្រះសីហនុ បានធ្វើរបាយការណ៍ជូនគណៈប្រតិភូឲ្យបានជ្រាបថា ខេត្តព្រះសីហនុ មានចំនួនប្រជាពលរដ្ឋសរុប ២២១,០៦២នាក់ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៩ ចំនួន ១២៥,៧២៨នាក់ មានការិយាល័យបោះឆ្នោត ចំនួន ៣១៣ (បីរយដប់បី) និងមានផែនការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០២០ ចំនួន ៧,៩៤០នាក់។
ទាក់ទងនឹងការងារកន្លងមក ល.ខ.ប ព្រះសីហនុ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន គ្រប់អាយុចុះឈ្មោះបោះឆ្នោតដល់រដ្ឋបាលក្រុង ស្រុក ទាំង ៥ រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល ទាំង ២៩ និងបានជួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ហើយបានស្នើសុំឲ្យជួយសាងសង់ឃ្លាំង និងសាលប្រជុំ ល.ខ.ប ដែលកំពុងខ្វះខាត។
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ល.ខ.ប បាននិងកំពុងបែងចែកលិខិតអញ្ជើញអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដល់គ្រប់ឃុំ សង្កាត់ ដើម្បីអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៩ នៅគ្រប់ឃុំ សង្កាត់ ឲ្យត្រៀមលក្ខណៈដើម្បីពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
លោកប្រធាន ល.ខ.ប ព្រះសីហនុ បានបន្ថែមថា ល.ខ.ប តែងតែប្រកាន់ជំហរអព្យាក្រឹតស្របតាមគោលការណ៍ច្បាប់ បទបញ្ជា នីតិវិធី និងការណែនាំផ្សេងៗរបស់ គ.ជ.ប ដែលធ្វើឲ្យការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នាពេលកន្លងមក តែងតែទទួលបានជោគជ័យ មានសន្តិសុខ សុវត្ថិភាព និងគ្មានអំពើហិង្សា។ ល.ខ.ប មានការសហការ គាំទ្រពីសំណាក់រដ្ឋបាលសាលាខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អង្គការ សមាគម ជាពិសេសមានការកំណត់ទិសដៅការងារច្បាស់លាស់។
លោកបន្តថា ល.ខ.ប បានជ្រើសរើសមន្ត្រីអ្នករាជការ គ.ជ.ប និងមន្ត្រីជាប់កិច្ចសន្យា តាមរយៈការផ្សព្វផ្សាយទូលំទូលាយ ដើម្បីប្រឡងប្រជែងចូលបម្រើការងារ ហើយការប្រឡងបានធ្វើឱ្យបេក្ខជនដែលមកចូលរួមមានជំនឿទុកចិត្ត និងទទួលស្គាល់លទ្ធផលនៃការប្រឡង ព្រមទាំងកាត់បន្ថយការរិះគន់ពីមជ្ឈដ្ឋានមហាជនផងដែរ។
ចំពោះបញ្ជីបោះឆ្នោតដែលផលិតដោយនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតវិញ គឺមានភាពសុក្រឹត និងបានបញ្ជាក់ពីអត្ត-សញ្ញាណច្បាស់លាស់ ហើយកាត់បន្ថយការរិះគន់ពីមហាជនទូទៅ។ ថ្មីៗនេះ អង្គការខុមហ្វ្រែល បានធ្វើសវនកម្មលើបញ្ជីបោះឆ្នោត ដោយបានវាយតម្លៃថា បញ្ជីបោះឆ្នោតមានគុណភាពរហូតដល់ ៩៩.៧% ។
ទាក់ទងនឹងបញ្ហាប្រឈម ល.ខ.ប ព្រះសីហនុ បានរកឃើញថា ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានរបស់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលមានភាពលម្អៀងគ្នា ហើយ ល.ខ.ប មានការលំបាកក្នុងការជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោតនៅក្នុងភូមិសាស្ត្រមួយចំនួនដូចជា អន្លង់ក្រពើ កោះរ៉ុង កោះរ៉ុងសន្លឹម ព្រោះទីតាំងទាំងនេះស្ថិតនៅឆ្ងាយពីទីប្រជុំជន ហើយធនធានមនុស្សនៅមានកម្រិតនៅឡើយ។ លើសពីនេះទៅទៀត គណបក្សនយោបាយមួយចំនួននៅក្នុងខេត្ត ពុំមានទីស្នាក់ការអចិន្ត្រៃយ៍ ដែលធ្វើឱ្យមានការលំបាកក្នុងការទំនាក់ទំនង។
បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ប្រធាន ល.ខ.ប ព្រះសីហនុ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងទៅកាន់មន្ត្រី ល.ខ.ប ទាំងអស់ថា «មន្ត្រីបោះឆ្នោតនៅមូលដ្ឋាន ត្រូវមានគណនេយ្យភាពចំពោះ គ.ជ.ប ហើយ គ.ជ.ប ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភា»។
លោកប្រធាន បានរំលេចមាត្រា ២១ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចែងថា «ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ត្រូវមានគណនេយ្យភាពចំពោះមុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានសិទ្ធិសម្រេចបណ្ដេញប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតណាមួយ ក្នុងករណីបានប្រព្រឹត្ត ផ្ទុយពីច្បាប់បោះឆ្នោតជាធរមាន បទបញ្ជាផ្ទៃក្នុង បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ឬក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត»។
លោកប្រធានបន្ថែមថា «ព្រមជាមួយគ្នានេះ គ.ជ.ប ក៏ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភាផងដែរ»។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលជាមួយ ល.ខ.ប ព្រះសីហនុ លោកប្រធាន គ.ជ.ប បន្តដំណើរទៅជួបជាមួយមន្ត្រី ល.ខ.ប កំពត និងកែប ជាបន្តទៀត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០៕