(កំពង់ឆ្នាំង)៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណ:ថ្នាក់កិត្តិយស និងជាព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងដោយមានការនិមន្ត និងចូលរួមពីលោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងមន្រ្តីសង្ឃជាច្រេីនអង្គនៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បាននាំយកទេយ្យទានចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤៧គ្រួសារ នៅសាលាបុណ្យភូមិគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃ ដីកាថ្លែងអំណរគុណ និងដឹងគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យដើរទន្ទឹមគ្នាទាំងផ្នែកពុទ្ធចក្រ និង អាណាចក្ររហូតដល់បច្ចុប្បន្ននេះ ។
ព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីកាបន្តថា ពិធីចែកអំណោយនេះ ដោយមើលឃើញពីការខ្វះខាត និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយយថាហេតុផ្សេងៗ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅលើពិភពលោកហើយ នៅប្រទេសកម្ពុជាក៏រងផលប៉ះពាល់ជំងឺនេះផងដែរ។
ជាមួយគ្នានោះដែរលោក សរ លាង ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលកន្លងមកសម្តេចនិងលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាក និងងាយរងគ្រោះគ្រប់ទីកន្លែងដោយមិនប្រកាន់ ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
លោក សរ លាង ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ កុំឱ្យកើតក្នុងគ្រួសារ និងនៅក្នុងសហគមន៍ ។ សូមកុំធ្វើចំណាកស្រុកប្រថុយប្រថានដោយខុសច្បាប់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងអប់រំកូនចៅខិតខំរៀនសូត្រជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម និងបង្កើនមុខរបររកចំណូលប្រចាំថ្ងៃជាពិសេសរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស។
សូមបញ្ជាក់ដា ទេយ្យទានដែលព្រះមេត្តិសត្ថា វង្ស កុសល និងមន្រ្តីសង្ឃសាលាអនុគណស្រុករលាប្អៀរ បានចែកដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤៧គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ និងថវិកា៣ម៉ឺនរៀល និងបានប្រគល់គ្រឿងឧបភោគបរិភោគមួយចំនួនដល់សាលាគោកស្តៅផងដែរ៕