(កណ្ដាល)៖ នៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំ នៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកល្វាឯម ខេត្តកណ្តាល មានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០ របស់គណបក្សស្រុក និងក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានទាំង ១៥ឃុំ ស្រុកល្វាឯម ខេត្តកណ្តាល។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក គង់ វិបុល អនុប្រធានទី១ នៃគណអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកល្វាឯម ទទួលបន្ទុកជាប្រធានសម្របសម្រួល ការងារ ក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំទាំង១៥ ទូទាំងស្រុកល្វាឯម តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ។
ក្នុងពិធីនេះ ដោយមានការចូលរួមរបស់ លោក-លោកស្រី ប្រធាន-អនុប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំទាំង១៥ និងសមាជិកគណបក្សប្រមាណ ២០០នាក់។
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០ របស់គណបក្សស្រុក និងក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានទាំង ១៥ឃុំ ស្រុកល្វាឯម ខេត្តកណ្តាល ខាងលើនេះ មានខ្លឹមសារសំខាន់ៗ រួមមាន៖
* បានបូកសរុបលទ្ធផលការងារ ដែលគណបក្សស្រុក និងក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំទាំង១៥ ក្នុងស្រុកល្វាឯមសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២០ និងផ្សព្វផ្សាយនូវទិសដៅ សម្រាប់អនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ (កម្រងឯកសារ បានចែកជូន ដល់សមាជិក-សមាជិកា ដែលបានចូលរួម ដើម្បីអនុវត្ត និងផ្សព្វផ្សាយបន្ត)
* នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមានសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលផ្តល់លទ្ធភាពឲ្យសម្តេច បន្តដឹកនាំ ប្រទេសយ៉ាងតិច១០ឆ្នាំទៀត បានធ្វើឲ្យសមាជិក-សមាជិកា មានក្តីត្រេកអរអនេកកប្បការ និងបង្ហាញនូវក្តីសាទរ គាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ព្រោះវត្តមាន របស់សម្តេចតេជោ គឺនឹងបន្តរក្សាបាននូវ សុខសន្តិភាព ការអភិវឌ្ឍន៍គ្រប់វិស័យ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងលើកតម្កើងកិត្យានុភាព និងឯករាជ្យភាពកម្ពុជា ទាំងកម្រិតជាតិនិងក្នុងឆាកអន្តរជាតិ។
លោក គង់ វិបុល បានបញ្ជាក់ថា សមិទ្ធផលសម្រេចបាននានា ទទួលបានពីការអនុវត្តជោគជ័យនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចតេជោ និងការដឹកនាំយ៉ាងយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ ដែលញាំងឲ្យស្រុកល្វាឯម មានការីកចម្រើនគួរឲ្យកត់សម្គាល់។
លោក គង់ វិបុល បានក្រើនរំលឹកមួយចំនួនរួមមាន៖
១៖ បន្តសហការការងារចុះជួយមូលដ្ឋាន និងការចុះផ្សព្វផ្សាយគោលនយោបាយគណបក្ស និងអនុវត្តសម្រេចឲ្យបាន នូវផែនការសម្រាប់ឆមាសទី២ ឆ្នាំ២០២០
២៖ ទប់ស្កាត់បានទាន់ពេលវេលា នូវឧបាយកលពិសពុលរបស់ពួកអមិត្ត ប្រឆាំងផ្កាប់មុខ
៣៖ ទោះបីជាប្រទេសកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩ថ្មី និងអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងណាក៏ដោយ ក៏ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័យ និងការរក្សាគម្លាតសង្គម តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាអតិបរមា
៤៖ បន្តអនុវត្តយុទ្ធសាស្ត្រ «រក្សាចាស់ និងបង្កើតថ្មី»៖ រក្សាសមាជិកគណបក្សដែលមានស្រាប់ និងទាក់ទាញ សមាជិកបន្ថែមទៀត
៥៖ បន្តសកម្មភាពចុះជួយមូលដ្ឋាន និងការយកចិត្តទុកដាក់ចំពោះ សុខទុក្ខប្រជាពលរដ្ឋ គឺត្រូវអនុវត្តដូចភ្លៀងរលឹម និងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតថ្នាក់ឃុំ និងថ្នាក់ជាតិ ដែលខិតជិតមកដល់ក្នុងឆ្នាំ២០២២ និង២០២៣ ខាងមុខ
៦៖ ចូលរួមថែរក្សាសមិទ្ធផលនានាដែលសម្រេចបាន និងបន្តពង្រីកបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត។
តបតាមការណែនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំទាំង១៥ នឹងរៀបចំពីធីកាន់បិណ្ឌ (បិណ្ឌ១ ដល់ថ្ងៃភ្ជុំបិណ្ឌ) និងប្រគេនទេយ្យវត្ថុផ្សេងៗជូនព្រះសង្ឃ តាមបណ្តាវត្តនានា តាមឃុំនីមួយៗ នៃឃុំទាំង ១៥ ក្នុងស្រុកល្វាឯម ដែលនេះ ការចូលរួមចំណែកទ្រទ្រង់វិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕