(ព្រះវិហារ)៖ នយោបាយផ្សារភ្ជាប់សុខទុក្ខរវាងកងទ័ពជួរមុខ និងកងទ័ពជួរក្រោយដែលជាមន្ត្រីរាជការស៊ីវិល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដាក់ចេញជាច្រើនឆ្នាំណាស់មកហើយ ដើម្បីឱ្យក្រសួងស្ថាប័នជួយផ្តល់ការឧបត្ថម្ភគាំទ្រផ្នែកស្បៀងអាហារដល់កងទ័ព។
នៅមុនពិធីបុណ្យចូលឆ្នាំ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌគេតែងតែឃើញមន្ត្រីតាមក្រសួងស្ថាប័ននានា ធ្វើដំណើរចុះទៅតាមតំបន់ព្រំដែន ក៏ដូចជាមូលដ្ឋានកងទ័ព ដើម្បីសួរសុខទុក្ខ និងនាំអំណោយជាស្បៀនអាហារ ព្រមទាំងថវិកាផងចែកជូនដល់កងកម្លាំង ក៏ដូចជាជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
លោកបណ្ឌិត ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ ក៏បានដឹកនាំគណៈប្រតិភូអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនវីរៈយុទ្ធជននៃវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ (អតីត៤O១) ចំណុះយោធភូមិភាគ៤ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ។
ពិធីត្រូវបានធ្វើឡើងនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ឈរជើងនៅ តំបន់មុំបីស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារផងដែរ។
ជាមួយការនាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីលោកអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នាយនគរបាល នាយនគរបាលរង និង ពលនគរបាលហើយនោះ លោក ស្តើង សុខុម បានវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន នាយនគរបាល នាយនគរបាលរង និង ពលនគរបាលទាំងអស់ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឱ្យបានគង់វង់រួមចំណែកយ៉ាងធំធេងក្នុងការរក្សានូវសុខសន្តិភាពជូនជាតិ និងប្រជាជន ។
លោកបណ្ឌិត ស្តើង សុខុម ក៏បានលើកឡើងផងដែរថា ពីការបង្កើតឱ្យមានការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួង-ស្ថាប័ន ជាមួយគ្រប់បណ្តាអង្គភាពតាមព្រំដែន គឺបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាពនិងវប្បធម៌ចែករំលែករវាងសមរភូមិមុខ និងសមរភូមិក្រោយក្រោមបុព្វហេតុរួមគ្នា គឺរក្សានូវសុខសន្តិភាពស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍប្រកបដោយសក្តានុពល និងចីរភាពសម្រាប់ថ្ងៃនេះថ្ងៃស្អែក និងទៅថ្ងៃអនាគតដ៏យូរអង្វែង។
លោក ក៏បានប្រកាសបន្តពង្រឹងពង្រីកចំណងមេត្រីភាពជាមួយវរសេនាតូចអន្តរាគមន៍លេខ៣៩៥ ចំណុះយោធភូមិភាគ៤និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។
ជាមួយគ្នានេះលោករដ្ឋលេខាធិការ ក៏បានសម្តែងនូវការគោរពដឹងគុណជូនចំពោះនាយទាហាន នាយទាហានរង ពលទាហាន នាយនគរបាល នាយនគរ បាលរង និងពលនគរបាលគ្រប់រូប ដែលបានគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពដោយម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញបទប្បញ្ញត្តិច្បាប់ និង បទបញ្ជាទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយបានប្រែក្លាយខ្លួនជាកងទ័ពមួយប្រកបដោយសមត្ថភាព ជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរស័ក្តិសមជាកូនចៅដ៏ពិតប្រាកដរបស់ប្រជាជនហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។
លោក ស្តើង សុខុម ក៏បានគូសរំលេចដូច្នេះថា «កងទ័ព គឺជាខឿនការពារជាតិរបស់ប្រជាជន។ ដូចនេះយើងត្រូវរួមគ្នាបន្តថែរក្សានិងអនុវត្តន៍នូវគោលនយោបាយ ខឿនការពារជាតិរបស់ប្រជាជនឱ្យបានជាប់លាប់។ ព្រោះកងទ័ពគឺជាកូនចៅរបស់ប្រជាជន ហើយកើតចេញពីប្រជាជនដូចនេះអ្វីៗទាំងអស់ត្រូវធ្វើឱ្យស្របទៅនឹងផលប្រយោជន៍របស់ប្រជាជន ការពារផលប្រយោជន៍របស់ប្រជាជន គឺការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត»។
លោក សុខុម បានបន្ថែមថា «កងទ័ព គឺជាចំណុចស្នូលនៅក្នុងមាគ៌ាប្រជាធិបតេយ្យប្រជាជន ហើយដោយសារតែខឿនការពារជាតិរបស់ប្រជាជននេះហើយដែលយើងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការប៉ុនប៉ងធ្វើបដិវត្តន៍ព័ណ៌ និងទប់ស្កាត់បានរាល់ការឈ្លានពានពីបរទេសផងដែរ»។
នៅចំពោះមុខកងកម្លាំងការពារព្រំដែននេះ លោកបណ្ឌិត ស្តើង សុខុម ក៏បានលើកបង្ហាញនូវវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហានក្នុងការរំដោះ និងដឹកនាំកសាងកម្ពុជាពោរពេញដោយមោទនភាពនាពេលបច្ចុប្បន្ន។
លោកបានថ្លែងថា «យើងទាំងអស់គ្នាពិតជាមានមោទនភាពខ្លាំងណាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិរបស់យើងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ ជាពិសេស គឺសុខសន្តិភាព និង ការបង្រួបបង្រួមជាតិដែលមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយនេះ»។
លោក ស្តើង សុខុម បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះ និងការបន្តអនុវត្តនូវយុទ្ធសាស្រ្តចតុកោណដំណាក់ទាំង៤ដំណាក់កាល បានធ្វើឲ្យកម្ពុជា អាចរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងមួយឆ្នាំអស់រយៈពេលជាង ១ទសវត្សរ៍, សុខសន្តិ ភាពពេញលេញ ឯកភាពទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និរន្តរភាពនៃស្ថាប័នរដ្ឋ។
លោកបន្តថា សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមដ៏ល្អប្រសើរនៅទូទាំងប្រទេសគឺជាសក្ខីភាពនៃការឈានឡើងរបស់កម្ពុជា ដោយចាប់ផ្តើមពីបាតដៃទទេនិងក្នុងដំណើរឆ្លងកាត់ដ៏វែងឆ្ងាយបត់បែន និងលំបាកជាច្រើន រាប់មិនអស់ហើយទទួលបានការសាទរ និងការទទួលស្គាល់ពីមជ្ឈមណ្ឌលជាតិនិងអន្តរជាតិដោយស្មើមុខនិងស្មើសិទ្ធិ នៅក្នុងដំណើរឆ្ពោះទៅសម្រេចឲ្យបាន នូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងឱកាសនោះលោកបណ្ឌិត ស្តើង សុខុម ក៏បានផ្តល់ការលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាន នាយនគរបាលនាយនគរបាលរង និង ពលនគរបាលទាំងអស់ ក្រៅពីកិច្ចការការពារជាតិ ក៏ត្រូវយកចិត្តទុកដាក់លើការបង្កើនជីវភាពសម្រាប់អង្គភាពនីមួយៗ តាមរយៈការដាំដុះផលដំណាំ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ព្រោះក្នុងដំណាក់កាលកូវីដនេះវាមិនបានប៉ះពាល់ដល់វិស័យកសិកម្មនោះទេ វិស័យកសិកម្មកំពុងមានតម្រូវការចាំបាច់និងមានទីផ្សារសម្រាប់នាំចេញទៀតផង។
លោករដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់កងកម្លាំងឱ្យខិតខំថែរក្សាសុខភាព ព្រមទាំងការហ្វឹកហាត់យុទ្ធសាស្រ្តប្រយុទ្ធជាប្រចាំដូចប្រសាសន៍របស់សម្តេចតេជោ ធ្លាប់បានលើកឡើងថា «ស៊ូបង្ហូរញើសនៅលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមនៅលើសមរភូមិ» ដើម្បីត្រៀមទប់ស្កាត់ និងឆ្លើយតបរាល់ស្ថានការណ៍នានា ដែលអាចកើតមានជាយថាហេតុ ។ ជាងនេះទៀតកងកម្លាំងទាំងអស់ ក៏ត្រូវត្រៀមលក្ខណៈដើម្បីជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះមហន្តរាយធម្មជាតិជាយថាហេតុ និង ចុងក្រោយគឺត្រូវប្តេជ្ញាការពារបូរណភាពទឹកដីឲ្យបានជាដាច់ខាតនិងត្រូវតែការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។
បន្ទាប់ពីសំណេះសំណាលលោកបណ្ឌិត ស្តើង សុខុម បានអញ្ជើញផ្តល់អំណោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានជាថិវកា និងសម្ភារៈទៅតាមសំណូមពររបស់វរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោគលេខ១០៥ នៅទិសប្រាសាទព្រះវិហារ។ អំណោយទាំងនោះរួមមាន៖ បារីសេក, មីជាតិ, ត្រីខកំប៉ុង, នំអន្សម, ទឹកបរិសុទ្ធ, ទឹកក្រូច, ទឹកដោះគោ, ស្ករស, ថ្នាំគ្រុនក្តៅ, ថ្នាំរាគ , ប្រេងសាំង, ប្រេងម៉ាស៊ូត, អង្ករ, ស៊ីម៉ង់តិ៍, ស័ង្កសី, តេអូ (KenWood) , កុំព្យូទ័រ Laptop (Dell Inspiration 5000), ម៉ាស៊ីនព្រីនធ័រ (Hp Laserjet ProM26a), ម៉ូទ័រទម្លាក់ក្នុងអណ្តូង, ម៉ាស៊ីនកាត់ស្មៅ, ស៊ីទែនទឹកចំណុះ ២០០០លីត្រ, សូឡា, ថ្នាំលាបឈើ, ខ្សែភ្លើង, GPS Map 64s, អំពូលម៉ែត្រ, ទុយោទីបជ័រ, ម៉ាស៊ីនកាណូតកម្លាំង ៨សេស, កៅអីជ័រ, កៅស៊ូតង់, ទូរដែកដាក់ឯកសារ និងប្រាក់ឧបត្ថម្ភដល់កងកម្លាំង និងអង្គភាពផងដែរ៕