(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំវគ្គចែករំលែកចំណេះដឹងស្តីពី «វឌ្ឍនភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» ជូន នាយក-នាយិកា និងមន្ត្រីទទួលបន្ទុកផ្នែក Hotline នៅគ្រប់បណ្តាសាខាខេត្ត-ក្រុងទាំងអស់របស់ធនាគារជាតិនៃកម្ពុជា។
វគ្គចែករំលែកចំណេះដឹងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងមានសិក្ខាកាមចូលរួមសរុបប្រមាណ ៤០នាក់។
វគ្គចែករំលែកចំណេះដឹងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១៖ ចែករំលែក និងផ្លាស់ប្តូរចំណេះដឹងពីវឌ្ឍនភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
២៖ ផ្សព្វផ្សាយពីបច្ចុប្បន្នភាពការងារត្រួតពិនិត្យ និងបទប្បញ្ញត្តិសំខាន់ៗដែលបានដាក់ចេញចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
៣៖ ផ្សព្វផ្សាយពីបញ្ហាប្រឈមរបស់វិស័យធនាគារ និងហិរញ្ញវត្ថុជាពិសេស វិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យមន្រ្តីសាខាទាំងអស់អាចចូលរួមចំណែកផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋក្នុងតំបន់មូលដ្ឋានរបស់ខ្លួន។
៤៖ ផ្សព្វផ្សាយពីវិធានការដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីទប់ទល់ផលប៉ះពាល់ពីជំងឺកូវីដ១៩៕