(ព្រៃវែង)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចាត់ឲ្យក្រុមការងារយកអំណោយជាសម្ភារការពារជំងឺកូវីដ-១៩ ចែកជូនវិទ្យាល័យ នៅស្រុកពាមជរ ខេត្តព្រៃវែង ដែលត្រៀមបើកឲ្យសិស្សចូលរៀនវិញ នាពេលខាងមុខឆាប់ៗនេះ។
លោក ស សុខា បានចាត់ឲ្យលោក ឈឹម ផាន់ណា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយស្រុកពាមជរ បាននាំយកអំណោយដូចជា ឧបករណ៍វាស់កម្តៅចំនួន០៣គ្រឿង អាកុលចំនួន៦កាន, កំប៉ុងបាញ់អាកុលចំនួន០៦កំប៉ុង, ម៉ាស់ចំនួន៩ប្រអប់ និងថ្នាំសម្លាប់មេរោគចំនួន០៣ដប ចែកជូនដល់វិទ្យាល័យរស្មីសាមគ្គី វិទ្យាល័យព្រែកក្របៅ និងវិទ្យាល័យឈើទាល ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងឱកាសបើកឲ្យមានការរៀនឡើងវិញ ដែលកម្មវិធីប្រព្រឹត្តឡើងនៅក្នុងវិទ្យាល័យរស្មីសាមគ្គី ស្ថិតនៅក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។
ជាមួយគ្នានេះ ក៏មានកម្មវិធីបាញ់ថ្នាំសម្លាប់មេរោគតាមថ្នាក់រៀន នៅក្នុងវិទ្យាល័យរស្មីសាមគ្គី និងអនុវិទ្យាល័យកោះចេកផងដែរ៕